លោកវរសេនីយ៍ឯក ម៉ង់ វិទូ ដាក់ចេញនូវទិសដៅការងារចំនួន ៨ចំណុច ដល់បងប្អូនកងកម្លាំងចំណុះឱ្យផែនសណ្ដាប់ធ្នាប់សាធារណៈ យកទៅអនុវត្ត
(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងផែនសណ្ដាប់ធ្នាប់សាធារណៈ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ដាក់ចេញនូវទិសដៅការងារចំនួន ៨ចំណុច ដល់បងប្អូនកងកម្លាំងចំណុះឱ្យផែនសណ្ដាប់ធ្នាប់សាធារណៈ យកទៅអនុវត្ត។
លោកវរសេនីយ៍ឯក ស្នងការរងផែនសណ្ដាប់ធ្នាប់សាធារណៈ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញ ដល់កងកម្លាំងនគរបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ។
ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សុខ ហេង ស្នងការរង លោក លោកស្រី ជាកងកម្លាំងនគរបាលចូលរួមចំនួន
៤០នាក់ ផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការងនគរបាលខេត្តកំពង់ធំ ជូនចំពោះកម្លាំង ដែលមានស្នាដៃ គុណបំណាច់ លើការអនុវត្តតួនាទី ភារកិច្ច និងបេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ នារយៈពេលកន្លងមក ធានាបានសុខសុវត្ថិភាព ល្អប្រសើរបំផុត ។
លោកវរសេនីយ៍ឯក បានបន្តថា ដើម្បីធានាបាននិរន្តរភាពការងារ យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត លើកការអនុវត្ត តួនាទី ភារកិច្ច ព្រមទាំងត្រូវរួមគ្នាគិត រួមគ្នាអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើង លើបងប្អូនប្រជាពលរដ្ឋ ឱ្យមានកម្រិតទាប។
លោកស្នងការរង បានដាក់ចេញនូវទិសដៅការងារមួយចំនួន ដល់បងប្អូនកងកម្លាំងចំណុះឱ្យផែនសណ្ដាប់ធ្នាប់សាធារណៈ យកទៅអនុវត្ត សម្រេចបានផ្លែផ្កា ស្នាដៃបន្ថែមទៀត ÷១-ពង្រឹងវិន័យ របស់កងកម្លាំងនគរបាលជាតិកម្ពុជា ។ ២-ពង្រឹងរបៀបរបបការងារជំនាញ ។ ៣-មន្ត្រីជំនាញ គ្រប់ពេលវេលា បំពេញភារកិច្ច ត្រូវគ្រងឯកសណ្ឋាន ឱ្យសក្តិសមជាមន្ត្រីនគរបាលជាតិ ប្រកាន់ខ្ជាប់សីលធម៌ សាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អ ។ ៤-ចេញកម្លាំងល្បាត ជាប្រចាំ តាមតម្រ៉ាយផ្លូវ គោលដៅងាយរងគ្រោះសំដៅ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនអ្នកធ្វើដំណើរឆ្លងកាត់ ។ ៥-ត្រូវបញ្ចុះកម្លាំងការពារមណ្ឌលទេសចរណ៍ ប្រាង្គប្រាសាទ សម្បត្តិបេតិកភណ្ឌជាតិ និងការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមទីប្រជុំ កំពុងចម្លង សាលារៀន ជួយសម្រួលចរាចរណ៍ ជូនអ្នកធ្វើដំណើរ និងសិស្សានុសិស្ស ឆ្លងកាត់គ្រប់វេលា ។ ៦-បង្កើការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដោយសហការជាមួយមន្ត្រីពាក់ព័ន្ធ ផ្សព្វផ្សាយតាមបណ្តាញសង្គម និងរវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បញ្ជ្រាបចំណេះដឹង ដល់មហាជន បំផុសស្មារតី ចូលរួមអនុវត្តឱ្យបានព្រមៗគ្នា ដើម្បីចៀសផុតពីហានិភ័យ ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍។ ៧-ប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ត្រៀមកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ នាគ្រាជួបការលំបាក ។ ៨-ថែទាំ សម្ភារៈ មធ្យោបាយ ឧបករណ៍បច្ចេកទេសជំនាញ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ៕ អត្ថបទដោយ ស្នងការនគបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។













![]()
