អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងខាងលើគម្រោង LASED III នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ
(រដ្ឋបាលខេត្តកំពង់ធំ)៖ ដោយមានកាបង្ហោះនៅលើហ្វេសបុកផេកឈ្មោះ Horn News នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងគម្រោង LASED III នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, នៅថ្ងៃទី៦ ខែធ្នូ នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងខាងលើ។
សូមជម្រាបជាសារសង្ខេបថា គម្រោងនេះត្រូវបានដាក់អោយអនុវត្តជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ នៅឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំបានចុះសិក្សា និងដោះស្រាយផលប៉ះពាល់បានរួចរាល់ ហើយនៅឆ្នាំ២០២២ រាជររដ្ឋាភិបាលបានចេញអនុក្រឹត្យអនុបយោគ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីរដ្ឋលើទីតាំងដីសមប្បទានទំហំ ៨៧១ ហិកតា ហើយគិតមកដល់ពេលនេះគម្រោងបានរៀបចំជ្រើសរើសសម្បទានិក ដោយបានឆ្លងកាត់ចំនួន ១០ជំហាន និងសម្រេចចាប់ឆ្នោត កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា អ្នកដែលទទួលផលពីគម្រោង LASED នេះ គឺជាបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ (ក្រ១ និងក្រ២) និងគ្រួសារដែលងាយរងគ្រោះ ដោយវិបត្តិសម្ពាធអតិផរណា ដែលជារួម មិនមានសមាសភាពថ្នាក់ដឹកនាំ មន្ត្រីរាជការ ឬក៏បុគ្គលដែលមានឥទ្ធិពលរូបណា បានទទួលផលប្រយោជន៍ពីគម្រោងនេះឡើយ ក្រៅតែអំពីបងប្អូនដែលមានជីវភាពខ្វះខាត។
ដោយឡែក អ្វីដែលបងប្អូនបានលើកឡើងថា ការយកដីរបស់ឃុំស្រើង ស្រុកប្រាសាទសំបូរ មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅឃុំទំរីង ស្រុកសណ្តាន់គឺជាការភ័ន្តច្រឡំរបស់បងប្អូន ពីព្រោះបើយោងតាមព្រំប្រទល់រដ្ឋបាល ទីតាំងភូមិសាស្ត្រឈូសឆាយដើម្បីអនុវត្តគម្រោង LASED III នេះ គឺស្ថិតនៅក្នុងភូមិសាស្រ្តឃុំទំរីង ស្រុកសណ្តាន់ ជាប់ព្រំប្រទល់ជាមួយឃុំស្រើង ប៉ុន្តែមិនស្ថិតក្នុងភូមិសាស្ត្ររបស់ឃុំស្រើងនោះទេ។
ទោះជាយ៉ាងណាក្តី រដ្ឋបាលខេត្តនៅតែខិតខំស្វែងរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលតវ៉ា ដោយចាត់មន្ត្រីជំនាញចុះពិនិត្យវាស់វែងជាក់ស្តែង នៃការដាំដុះដំណាំដំឡូងមីរបស់បងប្អូនប្រជាពលរដ្ឋសារជាថ្មីម្តងទៀត ដើម្បីជាមូលដ្ឋានក្នុងការសម្រេចអំពីផលប៉ះពាល់នៃគម្រោង ក្នុងក្របខណ្ឌគម្រោង និងក្នុងក្របខណ្ឌនៃគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ





















![]()
