កម្លាំងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះប្រចាំខេត្តកំពង់ធំ និងសៀមរាបបានចុះអន្តរាគមន៍យកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រដែលប្រាជាពលរដ្ឋប្រទះឃើញនៅស្រុកសណ្តាន់
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះប្រចាំខេត្តកំពង់ធំ និងសៀមរាបបានចុះអន្តរាគមន៍យកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រដែលគេប្រទះឃើញនៅភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបានជោគជ័យក្នុងការជម្លៀសគ្រាប់មិនទាន់ផ្ទុះនេះចេញពីទីតាំង ដើម្បីធានាសុវត្ថិភាព។
លោក រ័ត្ន ថាន ប្រធានភូមិប្រាសាទអណ្ដែតបានថ្លែងអំណរគុណចំពោះកម្លាំងបោសសម្អាតមីន និងអាជ្ញាធរដែលបានយកចិត្តទុកដាក់ដើម្បីជម្លៀសគ្រាប់មិនទាន់ផ្ទុះនេះ។ គាត់ថា ពលរដ្ឋភូមិនេះសម្រាកចិត្តជាស្ងប់ដោយមិនមានការព្រួយបារម្ភពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារគ្រាប់មិនទាន់ផ្ទុះនេះ។
លោក គីម ធីវន ប្រធានក្រុម TSC.60 ស្រាវជ្រាវព័ត៌មានអំពីមីន និងសំណល់ជាតិផ្ទុះបានបញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រនេះមានឥទ្ធិពលប្រហែល ៩០% ហើយអាចបង្កហានិភ័យធ្ងន់ធ្ងរប្រសិនបើមានកម្លាំងប៉ះទង្គិចខ្លាំង។ ប៉ុន្តែដោយសារតែបានជម្លៀសជោគជ័យតាមលក្ខណៈបច្ចេកទេស គ្រាប់នេះត្រូវបានរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពរបស់អង្គភាព។
ជាមួយគ្នានេះ កម្លាំងបោសសម្អាតមីន និងអាជ្ញាធរបានធ្វើការផ្សព្វផ្សាយបង្ហាញប្រភេទគ្រាប់មីននិងសំណល់ជាតិផ្ទុះមួយចំនួន ដើម្បីពលរដ្ឋយល់ដឹងហាមឃាត់ការប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ ទើបអាចធ្វើអន្តរាគមន៍ជម្លៀសបានកាន់តែទាន់ពេលវេលា។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ លោក គីម ធីវន បានចុះជម្លៀសគ្រាប់មិនទាន់ផ្ទុះប្រមាណ ៥៦ គ្រាប់ ក្នុងស្រុកនានា របស់ខេត្តកំពង់ធំ ជាផ្នែកមួយនៃកិច្ចការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងតំបន់។ អត្ថបទរដ្ឋបាលស្រុកសណ្ដាន់-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។