ឯកឧត្តម ចាន់ ស៊ីណាត ណែនាំដល់សិស្សានុសិស្សត្រូវមានការតស៊ូអត់ធ្មត់ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ
(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជាអធិបតី
ក្នុងពិធីបើកបវេសនការឆ្នាំថ្មី២០២៤-២០២៥ នៅវិទ្យាល័យហ៊ុនសែនចំណាលើ ស្ថិតនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យខ្លួនយើងក្លាយជាមនុស្សអស្ចារ្យ គឺយើងត្រូវតែ ខិតខំសិក្សារៀនសូត្រ គោរពស្រឡាញ់លោកគ្រូអ្នកគ្រូនឹងត្រូវមានវិន័យល្អទាំងនៅក្នុងសាលារៀននិងនៅក្នុងសហគមន៍ហើយឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតប្រាកដដែលនឹងជួយ លើកកម្ពស់មុខមាត់ជីវភាពខ្លួនឯង ក្រុមគ្រួសារក៏ដូចជាជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសអាណត្តិទី៧នេះផងដែរ។
ទន្ទឹមនឹងនេះឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកនាយក លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ត្រូវតែមានកិច្ចសហប្រតិបត្តិការល្អរវាងក្រុមការងារចុះមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សាលារៀនជាពិសេសមូលដ្ឋានឃុំចំណាលើឲ្យកាន់តែមានការអភិវឌ្ឍឡើងថែមទៀត។
លើសពីនេះឯកឧត្តម ចាន់ ស៊ីណាត បានណែនាំដល់លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវធ្វើការថែទាំសម្ភារបរិក្ខារ ដែលលោកបានប្រគល់ជូននៅពេលនេះជាពិសេសកុំព្យូទ័រឱ្យបានល្អប្រើនិងប្រើប្រាស់អស់លទ្ធភាព
ក្នុងការបង្រៀននិងសិក្សារៀនសូត្រ ជាពិសេសតបបណ្ដាញ wifi។
ឯកឧត្តមបានណែនាំបន្ថែមដល់នាយកសាលារៀនត្រូវអភិវឌ្ឍសាលារៀនឲ្យបានល្អប្រសើរទាំងគុណភាពបរិស្ថានជាពិសេសឱ្យក្លាយទៅជា កន្លែងទាក់ទាញនិងជាកន្លែងទេសចរណ៍ ដ៏ខៀវស្រងាត់ស្រស់បំព្រងប្រកបដោយបរិស្ថាននិងសួនច្បារ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះក៏ឯកឧត្តម បានឧបត្ថម្ភនូវ÷ កុំព្យូទ័រ និងព្រីនធ័រចំនួន ០៥គ្រឿង ម៉ាស៊ីនកូពី០១គ្រឿង ដល់សាលារៀនព្រមទាំងឧបត្ថម្ភកង់១៧គ្រឿង ដល់សិស្សនិទ្ទេសB ១៧នាក់ និងសិស្សទទួលបាននិទ្ទេស A ០១នាក់ នូវម៉ូតូ០១គ្រឿដែលជាអំណោយរបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។