មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលការណ៍៨ចំណុចដល់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥
(កំពង់ធំ)៖ឯកឧត្តម លី ណារុន រដ្ឋលេធិការក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលការណ៍៨ចំណុចដល់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥។
ឯកឧត្តម លី ណារុន បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនៅថ្ងៃសុក្រ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៤។មានការចូលរួមពី លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោកស្រី ស៊ឹម សុវណ្ណរិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរក្រុងស្រុក អង្គភាពពាក់ព័ន្ធ អង្គការដៃគូរជាច្រើន ។
ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៃមន្ទីរ ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈរួមចំណែកធ្វើឲ្យខេត្តកំពង់ធំមានការប្រែប្រួលមុខមាត់ជាចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម លី ណារុន បានដាក់គោលការណ៍៨ចំណុចដល់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥ដូចខាងក្រោម៖
១. សូមឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
២. ត្រូវស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមអនុវត្តឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្នុងនេះ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្ត្របញ្ចកោណឌំណាក់កាលទី១
៣. ខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ ផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ លក្ខណវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ និងដំណើរការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ
៤. ស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៥. បន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
៦. បន្តចុះពិនិត្យការអនុវត្តគម្រោងដៃគូ ឱ្យបានជាប់ជាប្រចាំ និងការត្រួតពិនិត្យគុណភាពសំណង់
៧. ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក
៨. បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបន្តកសាងនិងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត
តាមការបញ្ជាក់ពីលោក តាន់ វាសនា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំស្តីទី បានឲ្យដឹងថាមន្ទីរបានអនុវត្តន៍យុទ្ធសាស្ត្រ៤របស់ក្រសួងដូចជា៖
ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវត្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំង អស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្មដោយផ្តោតសំខាន់លើការពង្រឹង គុណភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០% ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់
ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព
ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរ កសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះក្រសួងបានផ្តោតទៅលើការបង្កើត ភូមិគំរូ ដោយផ្នែកនៅលើសក្តានុពល និងអំណោយផល ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជន ជាតិដើមភាគតិច
ទី៤ ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើ ប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។