ឯកឧត្តម រស់ សារាំ នាំយកគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់កីឡាករទូកង យុវជនតេជោ ត្រៀមខ្លួនប្រកួតប្រណាំងដណ្ដើមយកជ័យជម្នះ អបអរសាទរក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ
(កំពង់ធំ)÷ការលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំទូកត្រៀមប្រកួតនៅខេត្តកំពង់ធំ ឈ្មោះ យុវជនតេជោ មានចណុះ២២នាក់ ប្រវែង២២ម៉ែត្រ ត្រៀម០៥នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមអបអរសារទរ ប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ នាពេលខាងមុខ។
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងក្រុមការងារ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កម្លាំងក្រុមកីឡាករអុំទូកខ្នាតអន្តរជាតិឈ្មោះ យុវជនតេជោ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ដើម្បីដំណើរការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
ឯកឧត្តម រស់ សារាំ បានលើកឡើងថាក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ។ ពិធីបុណ្យអុំទូកជាប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។ សូមកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។
ជាមួយគ្នានេះផងដែរ កីឡាករទូកទាំង២២នាក់ បានថ្លែងអំណរគុណចំពោះឯកឧត្តម និងក្រុមការងារ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូក បានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីអបអរសាទរ បុណ្យអុំទូកអកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៤នេះ ឱ្យទទួលបានជោគជ័យផងដែរ។
បញ្ជាក់ផងដែរថា ឯកឧត្តម រស់ សារាំ បានដឹកនាំក្រុមការងារ នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ផ្តល់ជូនក្រុមកីឡាករទូកអុំបុរសចំនួន០១ទូកឈ្មោះ យុវជនតេជោ រួមមាន÷ អង្ករ០២បេ មីកញ្ចប់០៥កេស ទឹកសុទ្ធ២០កេស ទឹកក្រូច០៥កេស ស្រាបៀ០៥កេស ទឹកត្រី០៣យួរ
ទឹកស៊ីអ៊ីវ០៣យួរ ខ្លាញ់០៥លីត្រ ស្ករស០៥គីឡូក្រាម
និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល)ផងដែរ។ អត្ថបទសាលាដំបូងខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។