លោកឧកញ្ញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី ជួបជាមួយកីឡាករទូកក្នុងឃុំក្តីដូង២ទូក និងឃុំកំពង់ស្វាយ១ទូក ស្រុកកំពង់ស្វាយ និងផ្តាំផ្ញើឲ្យថែរក្សាសុខភាព
(កំពង់ធំ)៖លោកឧកញ្ញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនក្រុមកីឡាករទូកក្នុងឃុំក្តីដូង និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយនៅវត្តឌួងសូរិយ៉ា ហៅវត្តក្តីដូង ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អ៊ុទូក «ង» ថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែ តុលា ឆ្នាំ២០២៤ ។
លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថាការប្រណាំងទូកនានេះផ្ដើមចេញពីសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅបានសុខសាន្តមានឱកាសបានជួបជុំគ្នាសប្បាយរីករាយក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលាពិសេសបានថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែងនិងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើងដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
លោកជំទាវបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការដែលបានផ្តួចផ្តើមកសាងទូក ង នេះឡើងដោយបានគៀងគររកបច្ច័យកាសងបានរួចរាល់ជាស្ថាពរហើយការលេងកីឡាដែលអាចទទួលបាននូវសុខភាពល្អមានទំនាក់ទំនងមានមេត្រីភាព និងមានសាមគ្គីភាពព្រមទាំង ដើម្បីចៀសឱ្យផុតពីគ្រឿងញៀន លួចឆក់ប្លន់ ដែលបង្កឱ្យមានអសន្តិសុខដល់សង្គម ។
លោកជំទាវ ឃួន ឃុនឌី បញ្ជាក់ថាដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូន និងល្អប្រសើរជូនប្រជាពលរដ្ឋកំសាន្តកាន់តែសប្បាយរីករាយ សូមឲ្យកីឡាករទាំងអស់ គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ។
ក្នុងនោះលោកឧកញ្ញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី បាននាំយកសម្ភារៈគ្រឿងឧបភោកបរិភោគនិងថវិកាមួយចំនួនទៅប្រគល់ជូនទូកទាំងបីផងដែរ ។
គួរបញ្ជាក់ថាទូក២ នៅឃុំក្តីដូង មាន ឈ្មោះឌួងសូរិយាបុប្ផាស្ទឹងសែន និង ឌួងសូរិយាបុប្ផាក្តីដូង ឃុំកំពង់ស្វាយ ទូក ឈ្មោះ ទូកង តាព្រហ្មសែនជ័យបារមីវត្តកោះរការ ។