អភិបាលរងស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវធ្វើផ្លូវបេតុងឱ្យបានច្រើន ជាងធ្វើផ្លូវក្រួសក្រហម ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង
(កំពង់ធំ)÷ លោក គង់ សំអាត អភិបាលរងស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវធ្វើផ្លូវបេតុងឱ្យបានច្រើនជាងធ្វើផ្លូវក្រួសក្រហម ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង លោកបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងជំនាញពាក់ព័ន្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ របស់ឃុំទ្រា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានសង្កត់ធ្ងន់ថា ឃុំទ្រាជាឃុំដែលមានទីតាំងនិងភូមិសាស្ត្រស្មុគស្មាញប៉ុន្តែពុំទាន់មានផ្លូវបេតុងនៅឡើយទេ លោកបានអបអរសាទរក្រៃលែងជាមួយនឹងគម្រោងដែលបានដាក់ដំណើរការដេញថ្លៃធ្វើផ្លូវបេតុងនៅក្នុងឱកាសនេះ ដែលនឹងប្រើប្រាស់បានយូរអាចជំនួសផ្លូវក្រួសក្រហមដែលងាយរងការខាតព្រោះភូមិសាស្ត្រឃុំទ្រារងាយរងនូវទឹកជំនន់ស្ទើររាល់ឆ្នាំដែលបានគំរាមកំហែងនិងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវលំ ពិសេសផ្លូវក្រួសក្រហម ស្ទើរតែគ្រប់ភូមិ។
ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់គ្រប់បណ្ដាភូមិ ឃុំ ទាំងអស់ស្រុកស្ទោង ត្រូវធ្វើការប្រកួតប្រជែងធ្វើសោភ័ណភាព អនាម័យ ផ្លូវសាធារណៈ ភូមិដ្ឋាន ផ្ទះសំបែងរបស់ខ្លួនឱ្យបានល្អស្អាតតាមបទដ្ឋានការប្រកួតប្រជែងរបស់ក្រសួងបរិស្ថានដើម្បីទទួលបាននូវពានរង្វាន់ពីក្រសួងបរិស្ថានថែមទៀត។
លើសពីនេះលោកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរឃុំត្រូវមានភាពប្រាកដប្រជា ច្បាស់លាស់ តម្លាភាព ក្នុងការគ្រប់គ្រងដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនដើម្បីកៀរគរមូលធននិងធាតុចូលក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាពិសេសមានជំនឿទុកចិត្តនិងចូលរួមសហការពីគ្រប់មហាជននិងសប្បុរសជន។
សូមបញ្ជាក់ថា ការដេញថ្លៃនៅក្នុងឱកាសនេះគឺជាគម្រោងអភិវឌ្ឍធ្វើផ្លូវបេតុងប្រវែង១២០ ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ និងស្លាកគម្រោងមួយ ក្រោមតម្លៃប៉ាន់ស្មានសរុប ៩២,២០១,៩១៥៛00។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។