ពិធីក្រុងពាលីរំកិលទូក(ង)ចុះពីលើបង្គងឈ្មោះ ស្ទឹងសែនធិបតីបារមីក្តីដូង ដើម្បីយកទៅប្រកួតនៅខេត្តកណ្ដាល នាពេលខាងមុខនេះ
(កំពង់ធំ)÷ ព្រះគ្រូចៅអធិការវត្ត គណៈកម្មាធិការគ្រប់គ្រងទូកនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ច្ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលីរំកិលចុះពីលើបង្គងទូក(ង)ឈ្មោះ ស្ទឹងសែនធិបតីបារមីក្តីដូង ជាទូករបស់វត្តឌួងសូរិយា(ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតអបអរសាទរមិត្តភាពនៅខេត្តកណ្ដាល ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង)
លោកអាចារ្យ គណៈកម្មការទូក ក្រុមកីឡាករទូក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ចាន់ បានជំរុញលើកទឹកចិត្តឱ្យក្រុមកីឡាករទូកត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យលាភី លើកកិត្តិយសមុខមាត់ជូនខេត្តដូចគ្រាកន្លងមក និងបានផ្តាំផ្ញើដល់ក្រុមកីឡាករទូកទាំងអស់ ត្រូវចូលរួមគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ពង្រឹងស្មារតីតាំងចិត្តក្លាហាន និងសូមបង្កើននូវសាមគ្គីភាពផ្ទៃក្នុង រក្សាឱ្យបាននូវរបៀបរៀបរយ ថែរក្សាសុខភាពឱ្យបានមាំមួន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ទន្ទឹមនឹងនេះឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ព្រះចៅអធិការវត្ត កីឡាករចំណុះទូក និងកោតសរសើរ ដល់គណៈកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះជូនខេត្តកំពង់ធំ និងជូនដល់វត្តឌួងសូរិយា រយៈពេលកន្លងមក នៅពេលនេះដើម្បីត្រៀមទៅប្រកួតនៅខេត្តកណ្ដាលនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទូក(ង)ឈ្មោះ ស្ទឹងសែនធិបតីបារមីក្តីដូង ជាទូករបស់វត្តឌួងសូរិយា(ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមានប្រវែង៣៧.៨ម៉ែត្រ មានចំណុះ៨៣នាក់ ត្រៀម១៧នាក់ ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។