ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ព្រះបល្ល័ង្កព្រះពុទ្ធបដិមាករនៅវត្តប្រាសាទនរិន្ទឥន្ទកុមារនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ព្រះបល្ល័ង្កតំកល់ព្រះពុទ្ធបដិមាករ ដែលមានកំពស់ ៤ម៉ែត្រ កន្លះ បេីគិតទាំងព្រះបល្ល័ង្កផងមានកំពស់រហូតដល់ទៅ ១២ ម៉ែត្រ និងទទឹងព្រះភ្នែន ព្រះពុទ្ធបដិមាមានប្រវែង ៤ម៉ែត្រ ២ តឹក នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រើនកុះករផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណយាន ស្រេងព្រះគ្រូចៅអធិការវត្តនរិន្ទឥន្ទកុមា រួមជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជេីងវត្តដែលបានរួមគ្នា កសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាមនេះ ពិសេសព្រះគ្រូចៅអធិការវត្ត យាន ស្រេង ដែលក្នុងរយៈពេលជាង១១ ឆ្នាំ កន្លងទៅនេះ ព្រះអង្គបានលះបង់កម្លាំងព្រះកាយ គ្រប់យ៉ាងក្នុងការដឹកនាំកសាងសមិទ្ធផលធំៗជាច្រើន ដូចជារបង ខ្លោងទ្វារវត្ត ស្រះទឹក ហើយថ្ងៃនេះ កំពុងដំណើរការរៀបចំក្រុងពាលីព្រះបល្ល័ង្ក និងថ្ងៃស្អែកត្រូវដង្ហែព្រះពុទ្ធបដិមាមកគង់នៅបល្ល័ង្កដ៍ធំ និងខ្ពស់ស្កឹមស្កៃនៅក្នុងទីអារាមនេះ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានថ្លែងបន្ថែមទៀតថា៖ កន្លងទៅនេះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមចំណែកជាថវិកា និងសុីម៉ងត៍មួយចំនួន ចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជេីងវត្ត ក្នុងការកសាងរបង ,ខ្លោងទ្វារ និងសមិទ្ធផលនានាមួយចំនួននៅក្នុងទីអារ៉ាមនេះ ដេីម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយដែលមានប្រជាពលរដ្ឋ ជាង៩០% នៅទូទាំងប្រទេស គោរពបូជា ។ ហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនា ក៍មានការអភិវឌ្ឍន៍រីកចម្រើន ដូចវិស័យអាណាចក្រដែរ ដែលនៅទូទាំងប្រទេសមានវត្តអារាម ជាង ៥,០០០ វត្ត និងមានព្រះសង្ឃ ជាង ៧០,០០០ អង្គ ដែលកំពុងគង់នៅ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសចូលរួមក្នុងពិធីក្រុងពាលី សម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅទីអារាមក្នុងវត្តប្រាសាទនរិន្ទឥន្ទ:កុមារនៅពេលនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យមួយចំនួនបន្ថែមទៀត សម្រាប់រៀបចំក្នុងពិធីក្រុងពាលី និងកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះផងដែរ ។
ព្រះតេជគុណ ព្រះភិក្ខុ យាន ស្រេង ព្រះគ្រូចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្ត ប្រសាទនរិន្ទឥន្ទៈកុមារបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់ទីអារាមវត្តបាគងនេះ ពិសេសក្នុងពេលដែលព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់ និងអាស្រ័យនៅក្នុងវត្តនេះ ជួបការលំបាកខ្វះខាតចង្ហាន់ប្រចាំថ្ងៃ និងខ្វះបរិក្ខារពេទ្យ សម្រាប់ការពារកូវីដ-១៩ នាពេលកន្លងទៅ ដែលនេះ ជាការលះបង់ដ៏ធំធេង ដែលព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មិនអាចបំភ្លេចបានឡើយ ។











![]()
