កម្លាំងនគរបាលខេត្តកំពង់ធំក្របួច ក ក្រុមក្មេងស្ទាវ៤នាក់ដែលគប់កញ្ចក់រថយន្តធ្វើដំណើររបស់ប្រជាពលរដ្ឋនៅផ្លូវវៀងក្រុងស្ទឹងសែន
(កំពង់ធំ)៖កម្លាំងនគរបាល ក្រុងស្ទឹងសែនខេត្តកំពង់ធំបានក្របួច ក ក្រុមក្មេងស្ទាវ៤នាក់ដែលគប់កញ្ចក់រថយន្តធ្វើដំណើររបស់ប្រជាពលរដ្ឋនៅផ្លូវវៀងក្រុងស្ទឹងសែន ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក គឹម សុខមករា ជាអធិការនគរបាលក្រុងស្ទឹងសែនបានប្រាប់អ្នកព័ត៌មានប្រចាំខេត្តកំពង់ធំនារសៀលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៦នេះថាក្រោយពីមានការបង្ហោះជាសារវីឌីដេតាម
បណ្តាញ ថា«សង្គមសួស្ដីបងៗមេៗដែលរត់ឡានពេលយប់កាត់ផ្លូវជាតិលេខ ៦ត្រង់ចំណុចផ្លូវវៀងក្រុងចំណុចស្ពានវែងមានក្មេងស្ទាវចាំគប់កញ្ចក់ សូមឲ្យមានការប្រុងប្រយ័ត្ន» និងបានទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តម្នាក់ផ្សេងទៀតតាមរយៈទូរស័ព្ទភ្លាមៗ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវជាបន្ទាន់។
លោកបន្តថាការស្រាវជ្រាវរហូតមកដល់ថ្ងៃទី ២០ ខែឆ្នាំដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វឿង ឈាងអ៊ី ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរសិស្ស។
២-ឈ្មោះ រិទ្ធិ បូរ៉ែន ហៅក្រៅ ចយ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ធី រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងឡាន។
៤-ឈ្មោះសឿង ចាន់ដារ៉ា ហៅក្រៅ វឹង ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងក្រឡឹង(ធ្លាប់ជាប់ពន្ធនាគារ)។
លោកបានបញ្ជាក់ថាករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងចងក្រងសំណុំរឿងតាមនីតិវិធី។
គួរបញ្ជាក់ថានៅថ្ងៃទី ១៣ ខែ មិថុនាឆ្នាំ ២០២៦ វេលាម៉ោង ២០,១០ នាទីនៅតាមបណ្ដោយផ្លូវជាតិលេខ 6Aផ្លូវវៀងក្រុង ភូមិកំពង់រទេះ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន មានករណីគប់កញ្ចក់រថយន្តដឹកទំនិញធុនធំចំនួនពីរគ្រឿង បណ្ដាលឲ្យបែកកញ្ចក់ធំខាងមុខទាំងពីរគ្រឿង។
-រថយន្តទី ១ ម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ 3D-0679 ម្ចាស់អាខោនFacebook ហ៊ាជា ឡានជួល
-រថយន្តទី២ ម៉ាកFOSO ពណ៌ត្រួយចេក ផ្លាកលេខព្រះសីហនុ 3A-7807 ឈ្មោះ ទិត សុខភេទប្រុស អាយុ៤៥ ឆ្នាំមុខរបរអាជីវករ រស់នៅភូមិចង្រៀក ឃុំទួលសាលា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ។












![]()
