អភិបាលស្រុកស្ទោង នាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅឃុំកំពង់ចិនត្បូង
(កំពង់ធំ)៖ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង បាននាំយកនូវអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលឯកឧត្តមតែងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា ទាំងនេះក៏ឃើញពីការយកចិត្តទុកដាក់របស់លោកនឹងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ហើយនៅស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំគិតគូរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពជាពិសេសពុកម៉ែបងប្អូនដែលមានពិការភាពមានជីវភាពខ្វះខាត និងងាយរងហានិភ័យជាដើម។ លោកក៏បានអំពាវនាវបងប្អូនប្រជាជន សូមងាកមកគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ គ្រួសារ និងសង្គម ឱ្យមានការរីកចម្រើនរុងរឿងជាលំដាប់ក្រោមការដឹកនាំដ៏បុនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានកោតសរសើរដល់រដ្ឋបាលឃុំ និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលមានលោក គឹម យ៉ុន ជាប្រធាន ដោយសហការគ្នាបានយ៉ាងល្អក្នុងការធ្វើសកម្មភាពមនុស្សធម៌ ការងារស្ម័គ្រចិត្តក្នុងសង្គម ដើម្បីបម្រើដល់ប្រជាជន និងដោះស្រាយបញ្ហាជូនប្រជាជនដែលមានស្ថានភាពគ្រួសារខ្វះខាតបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងត្រីខ០១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។