ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៤គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ)÷ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាស្រុកកំពង់ស្វាយ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ស្រ្តីមានកូនតូច ដែលមានជីវភាពខ្វះខាតចំនួន៤ គ្រួសារនៅភូមិតាំងក្រូច និងភូមិបល្ល័ង្កឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក វ៉ា សុភ័ក្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងកាកបាទក្រហមកម្ពុជា លោកនាយកសាខា លោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិសាខា លោក លោកស្រី មន្ត្រីអនុសាខា លោកគ្រូ អ្នកគ្រូពេទ្យ ប្រចាំមណ្ឌលសុខភាព បានអប់រំផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែម ការមានផ្ទៃពោះ ការទទួលបានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន កុមារីអាយុ៩ឆ្នាំ ព្រមទាំងវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានវ័យបន្តពូជសរុបចំនួន៣០នាក់ ក្នុងមណ្ឌលសុខភាពសាន់គរ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាក្នុងឱកាសនោះផងដែរលោក វ៉ា សុភ័ក្រ ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្ម
ភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ
ដើម្បីសុខភាពស្ត្រី និងកុមារ ។
សម្ដេចលោកតែងតែគិតទៅដល់សុខទុក្ខស្ត្រីទាំងអស់ ស្ត្រីជាមាតា ស្ត្រីជាអ្នកផ្ដល់កំណើតនិងជាអ្នកថែរក្សាបីបាច់ដល់យើងទាំងអស់គ្នា។
លោក វ៉ា សុភ័ក្រ បានផ្ដាំផ្ញើបន្ថែមទៅដល់វត្តមានស្ត្រីទាំងអស់សូមថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ មកពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់យ៉ាងតិចឲ្យបាន៣ដងមុនធ្វើការសម្រាល ជាពិសេសប្រសិនបើមានកូនអាយុចាប់ពី៩ ឆ្នាំ សុំយកទៅចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា គ្រួសារស្ត្រីជាមាតាមានកូនតូច និងមានជីវភាពខ្វះខាតទាំង៤គ្រួសារ និងស្រ្តីមានផ្ទៃពោះចំនួន៣០នាក់ ដោយគ្រួសារនីមួយៗទទួលបាន÷ អង្ករ៣០គីឡូក្រាម ទឹកស៊ីអីវ០១យួរ មី០១កេស ត្រីខ០១ យួរ ឃីត (មុង ភួយ សារុង ក្រមា)១កញ្ចប់ កន្សែងពោះគោចំនួន១ សាប៊ូលុច២ដុំ និងថវិកា៥ម៉ឺនរៀល។
សម្រាប់ស្ត្រីមានផ្ទៃពោះទទួលបាន÷ កន្សែងពោះគោចំនួន១ អង្ករសុខភាពចំនួន៦កញ្ចប់ សាប៊ូលុចចំនួន៤ដុំ និងថវិកាចំនួន២ម៉ឺនរៀល។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។