ប្រជាពលរដ្ឋ២១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្ត្រីសាខា និងលោក គង់ សំអាត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក និងក្រុមការងារ បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិដោយខ្យល់កន្ត្រាក់របើកដំបូល១៨ខ្នងផ្ទះ និងរលំ០៣ខ្នងផ្ទះ សរុបចំនួន២១ខ្នងផ្ទះ ស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រឹល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសជួបសំណេះសំណាលលោកជំទាវ លំ គន្ធារី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ មិនតែប៉ុណ្ណោះ សម្តេចប្រធាន បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
ជាមួយគ្នានេះដែរលោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ មើលថែទាំកូនចៅតូចៗ ដោយត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ។ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
លោកជំទាវបានបន្តថា៖ ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ។ ជាក់ស្តែងក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ខេត្តកំពង់ធំបានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ក្នុងក្រុងស្រុកទាំង៥ ព្រមទាំងខូចខាតសាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។
បន្ថែមពីនេះទៀតលោកជំទាវ បានគូសបញ្ជាក់ផងដែរថា៖ « កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ។ ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ គឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
រីឯអំណោយត្រូវផ្ដល់ជូន២១គ្រួសារ គឺទទួលបាន÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ដោយឡែកគ្រួសាររងគ្រោះបាក់រលំផ្ទះទាំងស្រុងទទួលបានបន្ថែម នៅសម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនទៀតផងដែរ៕ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យអ៊ុមញឹប។















![]()
