និស្សិតស្រី ជិន គីមអ៊ី យុវជនកម្ពុជា ទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Awar ក្នុងការប្រកួតជាមួយយុវជនជាង១០០ប្រទេសនៅលើពិភពលោក
(ភ្នំពេញ)៖កម្មវិធីប្រកួតសវនាការប្រតិដ្ឋ Philip C. Jessup International Law Moot Court គឺជាកម្មវិធីប្រកួតផ្នែកច្បាប់ ដែលផ្តោតសំខាន់ទៅលើនីតិអន្តរជាតិសាធារណៈ ដែលក្រុមនិស្សិតចូលរួមត្រូវដើរតួជាមេធាវីតំណាងឲ្យរដ្ឋភាគីនៅក្នុងសំណុំរឿងប្រតិដ្ឋមួយ តាមការរៀបចំឯកសារជាសារណាការពារក្ដីជាលាយលក្ខណ៍អក្សរ និងការទាញហេតុផលដោយផ្ទាល់មាត់នៅចំពោះមុខចៅក្រម ដោយយកគំរូតាមសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមការបញ្ជាក់ពីនិស្សិតស្រី ជិន គីមអ៊ី តំណាងក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦នេះថា
ក្រុមនិស្សិតត្រូវធ្វើការប្រកួតជម្រុះនៅថ្នាក់ជាតិ ឬថ្នាក់តំបន់នៅតាមប្រទេសរៀងៗខ្លួនជាមុនសិន ទើបអាចបន្តទៅប្រកួតថ្នាក់អន្តរជាតិនៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កម្មវិធីប្រកួតមួយនេះ គឺមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់និស្សិតច្បាប់ទាក់ទងនឹងនីតិអន្តរជាតិសាធារណៈ និងចូលរួមអភិវឌ្ឍជំនាញនៃការតស៊ូមតិ ដែលជាជំនាញសំខាន់មួយដែលនិស្សិតច្បាប់គ្រប់រូបគួរតែមាន។
និស្សិតស្រី ជិន គីមអីុ បន្តថាជាក់ស្តែង សម្រាប់ប្រទេសកម្ពុជាយើង គឺមានការប្រកួតជម្រុះថ្នាក់ជាតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាលទ្ធផល មាននិស្សិតច្បាប់ចំនួន ០២ ក្រុមបានទទួលជ័យលាភីតំណាងប្រទេសកម្ពុជាទៅប្រកួតតនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះជាឱកាសកម្រ ព្រោះជារៀងរាល់ឆ្នាំ កម្ពុជាទទួលបានកៅអី (seat) ត្រឹមតែ ០១ ប៉ុណ្ណោះ សម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់អន្តរជាតិ ប៉ុន្តែ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច រហូតសម្រេចបានចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលទាំង ៣២ (Top 32) កាលពីឆ្នាំ ២០២៥ កន្លងទៅ ជាលទ្ធផលនៅក្នុងឆ្នាំ ២០២៦ នេះ កម្ពុជាត្រូវបានផ្តល់កៅអី (seat) ចំនួន ០២ សម្រាប់ចូលរួមក្នុងការប្រកួតអន្តរជាតិ។ ហេតុដូច្នេះហើយ ទើបមានសាកលវិទ្យាល័យចំនួន ០២ តំណាងឱ្យប្រទេសកម្ពុជា។
និស្សិតស្រី ជិន គីមអីុ បន្តទៀតថាដោយឡែក សម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្នាំ២០២៦ គឺមានសមាជិកក្រុមចំនួន ៥ រូប រួមមាន៖ កញ្ញា ជិន គីមអ៊ី លោក ពុំ ច័ន្ទទេព លោក ហុក ស្រ៊ុនហេង កញ្ញា ឈិន សុខរូស្សា និងកញ្ញា ទិព្វ ឧស្សា ដែលដឹកនាំដោយគ្រូបង្វឹក លោក មាស អទិទេព។
[4/23/2026 11:01 AM] ឆេង អាន: គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Richard R. Baxter នេះត្រូវបានដាក់ឈ្មោះជាការផ្តល់កិត្តិយសដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើម និងឈានមុខគេមួយ រូប។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់ក្រុមនិស្សិតដែលមានស្នាដៃឆ្នើមក្នុងការសរសេរសារណាការពារក្ដី ដោយធ្វើការប្រៀបធៀបរវាងសារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹង (Applicant) និងរដ្ឋភាគីចុងចម្លើយ (Respondent) នៅក្នុងចំណោមសារណាការពារក្តីជាង ៨០០ ដែលបានចូលរួមប្រកួតនៅក្នុងឆ្នាំ២០២៦នេះ។ ជាក្ដីសោមនស្សក្រៃលែងដែលក្នុងចំណោម ៨០០ សាកលវិទ្យាល័យ មកពី ១០០ ប្រទេស ពានរង្វាន់ Richard R. Baxter ដែលសារណាការពារក្ដីតំណាងភាគីរដ្ឋដើមបណ្ដឹងល្អបំផុត (Best Applicant Memorial) លេខ ៣ បានទៅលើក្រុមនិស្សិតមកពីប្រទេសកម្ពុជា តំណាងដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ចំពោះប្រទេសដែលទទួលបានលេខ ១ គឺក្រុមនិស្សិតមកពីប្រទេសឥណ្ឌា និងលេខ ២ គឺមកពីប្រទេស កាហ្សាក់ស្តង់។ ចំណែកឯសារណារការពារក្តីតំណាងភាគីរដ្ឋចុងចម្លើយល្អបំផុត (Best Respondent Memorial) គឺ សាកលវិទ្យាល័យ Peking University School of Transnational Law មកពីប្រទេសចិន ទទួលបានលេខ ១ សាកលវិទ្យាល័យ Harvard Law School មកពីសហរដ្ឋអាមេរិក ទទួលបានលេខ ២ និងលេខ ៣ គឺ សាកលវិទ្យាល័យ Loyola University Chicago មកពីសហរដ្ឋអាមេរិក។ លទ្ធផលនេះសបញ្ជាក់ឲ្យឃើញថាសមត្ថភាពនិស្សិតកម្ពុជាមិនចាញ់និស្សិតមកពីសាកលវិទ្យាល័យល្បីៗនៅលើពិភពលោកឡើយ។
ជាមួយគ្នានេះនិស្សិតស្រី ជិន គីមអ៊ី មានចំណាប់អារម្មណ៍និងអំពាវនាវចំពោះការទទួលបានពានរង្វាន់មួយនេះ ខ្ញុំ និងមិត្តរួមក្រុម រួមទាំងលោកគ្រូបង្វឹក និងជំនួយការគ្រូប្រឹក្សា គឺពិតជាមានភាពសប្បាយរីករាយ និងរំភើបក្រៃលែង ព្រោះពួកយើងមិននឹកស្មានថាការខិតខំប្រឹងប្រែងរបស់ពួកយើងអស់ រយៈពេលជាង ៥ខែ នៅក្នុងការសរសេរសារណាការពារក្តីនេះ តាំងពីសេចក្តីព្រាងដំបូង រហូតដល់សេចក្តីព្រាងចុងក្រោយដែលយើងដាក់ទៅប្រកួត គឺត្រូវបានគេទទួលស្គាល់នៅក្នុងឆាកអន្តរជាតិ ហើយនេះក៏សបញ្ជាក់ផងដែរថា សមត្ថភាពរបស់និស្សិតខ្មែរយើង គឺមិនចាញ់និស្សិតមកពីប្រទេសផ្សេងឡើយ។ ហេតុដូច្នេះហើយ យើងខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្ស ពិសេសគឺនិស្សិតច្បាប់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដុះខាត់ចំណេះដឹង និងជំនាញឲ្យបានច្បាស់ ពិសេសគឺនៅក្នុងស្ថានភាពបច្ចុប្បន្ន មិនថាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឬស្ថានភាពនៅប៉ែកផ្សេងទៀតនៃពិភពលោកឡើយ ដែលបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃនីតិអន្តរជាតិសាធារណៈ ជាពិសេសគឺសូមជម្រុញឲ្យនិស្សិតច្បាប់ដែលមានចំណាប់អារម្មណ៍ខាងផ្នែកច្បាប់អន្តរជាតិ ឲ្យចូលរួមក្នុងការប្រកួតមួយនេះ ព្រោះវាជាឱកាសដ៏មានតម្លៃមួយក្នុងការសិក្សា និងហ្វឹកហាត់ផ្ទាល់ក្នុងការសរសេរសារណាការពារក្តីជាលាយលក្ខណ៍អក្សរ និងការទាញហេតុផលផ្ទាល់មាត់។ ជាងនេះទៅទៀត ពួកយើងសូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ឲ្យជួយជំរុញ និងលើកទឹកចិត្តដល់សិស្ស និស្សិត ដើម្បីឲ្យពួកគេអាចសម្រេចតាមក្តីបំណង និងពាំនាំនូវកិត្តិយសជូនគ្រួសារ និងប្រទេសជាតិ។













![]()
