រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៦-២០២៨
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តឆ្នាំ២០២៦-២០២៨ នៅ សាលាប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ហុីម លីម៉េង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ កសាងផែនការខេត្ត លោកជំទាវ សុឹម សុវណ្ណារិទ្ធិ សមាជិកក្រុមព្រឹក្សាខេត្ត និងវត្តមានរបស់លោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្តអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផងដែរ។
ឯកឧត្តម ហុីម លីម៉េង មានប្រសាសន៍ថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគគឺការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់ការចាប់ផ្ដើម ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែល សំខាន់ជាងនេះទៀតនោះគឺការចូលរួមកិច្ចសហការល្អ និងការទទួលខុសត្រូវរបស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។
ឯកឧត្តម បន្តថាកិច្ចការនេះសំខាន់ណាស់ ស្នើឱ្យប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ចូលរួមរៀបចំផែនការសកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឱ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ បម្រើផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដំណើរការ កសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តន៍ពីថ្នាក់ខេត្តទៅថ្នាក់ក្រុង ស្រុក ហើយក្រុង ស្រុកត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឱ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។
ឯកឧត្តម ហុីម លីម៉េង បន្ថែមទៀតថាការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្តន៍៣ជំហ៊ាន គឺទី១- ការប្រមូលធាតុចូលពីការវិភាគស្ថានភាព និង ទី២- ការរៀបចំសេចក្ដីព្រាងកម្មវិធីវិនិយោគ, និងទី៣- ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ ៕
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។