ប្រជាពលរដ្ឋប្រមាណ ៤០០ទៅ ៥០០ នាក់ក្នុងមួយថ្ងៃមកទទួលសេវានៅសាលាស្រុកតាំងគោក
(កំពង់ធំ)៖លោក ហាក់ ម៉ុងហួត អភិបាលស្រុកទាំងគោក ខេត្តកំពង់ធំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នេះថាមានប្រជាពលរដ្ឋប្រមាណពី ៤០០ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃមកទទួលសេវានៅសាលាស្រុកតាំងគោកក្នុងការិយាល័យច្រកចេញចូលតែមួយ។
លោកបន្តថាការមកទទួលសេវានេះភាគច្រើនគឺអត្រានុកូលដ្ឋានដែលបងប្អូនយកទៅប្រើប្រាស់ក្នុងការបំពេញទិន្នន័យក្បាលដីរបស់ខ្លួនខណៈស្រុកតាំងគោកទទួលបានក្រុមវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធដែលមានប្រាំពីរក្រុម ហើយក្រុមវាលនីមួយៗបានបែងចែកជាក្រុមតូចៗទៀតដោយដំណើរការព្រមៗគ្នា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានគិតគូរអំពីសុខទុក្ខរបស់បងប្អូន ជាពិសេសដើម្បីកាត់បន្ថយទំនាស់ដែលកើតឡើងជាយថាហេតុដែលមិនមានភាពច្បាស់លាស់។
ជាមួយគ្នានេះដែរលោកបានថ្លែងអំណរគុណទៅដល់មន្ត្រីទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តហួសកំណត់ដោយមិនគិតពីការនឿយហត់ដើម្បីបងប្អូនប្រជាពលរដ្ឋសប្បាយចិត្តនឹងដោយធានាបានគោរពតាមគោលការណ៍ពេលវេលាមានកំណត់។
លោក ហាក់ ម៉ុងហួត បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋសូមរក្សានូវសុខសុវត្ថិភាពក៏ដូចជាអធ្យាស្រ័យទៅដល់មន្ត្រីដែលមានកំហុសតិចតួច មានការយឺតយ៉ាវឬក៏ពាក្យសម្ដីមិនសមរម្យ។