អភិបាលខេត្តកំពង់ធំការរៀបចំ«សង្ក្រាន្តកំពង់ធំ» ធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ(video insert)
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ធំនារសៀល ថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២៦ថា ឆ្នាំនេះខេត្តកំពង់ធំ នឹងមានការរៀបចំ «សង្ក្រាន្តកំពង់ធំ» ឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ងាកមកចាំអារម្មណ៍ «សង្ក្រាន្តកំពង់ធំ» និងចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថាដើម្បីឱ្យដំណើរការពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តិទៅដោយរលូន និងមានភាពសប្បាយរីករាយ មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរក្រុងស្រុក ខិតខំចលនាបងប្អូនប្រជាពលរដ្ឋ សំអាតបរិស្ថានជុំវិញផ្ទះ និងមុខផ្ទះឱ្យបានស្អាត ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន»។
ឯកឧត្តមលើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំងដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំ ដែលមានបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមថា រដ្ឋបាលខេត្តបានរៀបចំតុងតែងលម្អនៅតាមសួនស្ទឹងសែន និងតាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ឱ្យមានភាពទាក់ទាញ លើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងកាន់តែស្រស់ស្អាតថែមទៀត៕
































![]()
