លោក ឃីម សុខឃាង អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងអាមេ ក្នុងឃុំសំបូរណ៍
(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងអាមេមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ៣០០ នាក់។
យោងតាមរបាយការណ៍របស់លោក ទួន ឆេន មេឃុំសំបូរណ៍ បានឱ្យដឹងថា៖ ស្ពានបេតុងនេះមានប្រវែង ១៥ ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ចំណាយអស់ថវិកាសរុបចំនួន៤២០,០០០,០០០រៀល ដែលជាថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ ស្ពាននេះនឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន០៨ភូមិ ស្មើនឹង ១,៣២៨គ្រួសារ (ប្រជាពលរដ្ឋសរុប៦,២២៧នាក់ ស្រី ៣,១២៨ នាក់) ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ក្នុងឱកាសដ៏រំភើបរីករាយនេះលោក ឃីម សុខឃាង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលថ្មីៗដែលកើតមានឡើងដូចជា ស្ពាន ផ្លូវកៅស៊ូ និងសាលារៀន គឺជាផ្លែផ្កានៃសន្តិភាព និងជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងគោលបំណងបម្រើ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។”
ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលថ្មី លោកអភិបាលស្រុកក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋរួមមាន៖១- ត្រូវរួមគ្នាដាំដើមឈើ និងសម្អាតអនាម័យក្នុងគ្រួសារ ក៏ដូចជាមូលដ្ឋានឱ្យបានស្អាតជានិច្ច។២- ត្រូវជំរុញ និងលើកទឹកចិត្តកូនចៅឱ្យបានរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។ ៣- ត្រូវមានសេចក្តីស្មោះត្រង់ រក្សាសាមគ្គីភាព ចេះស្រឡាញ់គ្នាពិតប្រាកដ និងដាច់ខាតមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ។ ៤- ត្រូវចេះគ្រប់គ្រងពេលវេលាឱ្យមានប្រយោជន៍ និងមានវិន័យក្នុងការរស់នៅ។
ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានដាស់តឿនសត្រូវធំបំផុតរបស់យើងគឺ អវិជ្ជា (ការខ្វះចំណេះដឹង) ភាពខ្ជិលច្រអូស និងការមិនម្ចាស់ការលើខ្លួនឯង។ ដូច្នេះ បងប្អូនត្រូវខិតខំរៀនសូត្រ និងចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដើម្បីកសាងអនាគតដ៏រុងរឿង”៕ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យអ៊ុមញឹប។
















![]()
