បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងភារកិច្ច និងប្រគល់គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក អ៊ូឆេងកន មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥតនៈ ទៅប្រគល់ភារកិច្ចជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ នៅទីបញ្ជាការស្រាលការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងលទ្ធផលសកម្មភាពនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់អភិរក្សបឹងទន្លេឆ្មារ និងតំបន់អភិរក្សបាឡត និងបណ្ដាចំណុចមួយចំនួនទៀត ដែលកងកម្លាំងចម្រុះបានសហការក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ជាមួយនោះដែរ វរសេនីយ៍ត្រី ភោគ ប៊ុនធឿន ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលកងកម្លាំងចម្រុះជួបការលំបាក ដូចជា ភូមិសាស្ត្រធំទូលាយ កងកម្លាំងមានតិចនិងមធ្យោបាយកាណូតមានល្បឿនយឺតជាងជនល្មេីស ហើយជនប្រព្រឹត្តល្មើសនេសាទតែងតែលួចឆ្មក់ធ្វើសកម្មភាព ដោយប្រើប្រាស់មធ្យោបាយតូចៗ និងមានល្បឿនលឿន ហើយជនល្មើសមួយចំនួនទៀត លួចឆ្មក់ធ្វើសកម្មភាពនៅពេលយប់ នៅតាមមាត់បឹងទន្លេឆ្មារ ដែលជាតំបន់អភិរក្ស ហើយដែលមានប្រជាពលរដ្ឋរស់នៅជាប់មាត់បឹងផងដែរ។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន តំណាងឧត្តមសេនីយ៍ទោ សោមស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានសហការជាមួយនឹងកម្លាំងចម្រុះ ដែលមានស្ថាប័នជំនាញពាក់ព័ន្ធ និងអង្គភាពផ្សេងៗ បានរួមគ្នាធ្វើសកម្មភាព អប់រំផ្សព្វផ្សាយច្បាប់ស្ដីពីជលផលជូនដល់ប្រជាពលរដ្ឋផង និងចាត់វិធានការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងផង ដោយទទួលបានលទ្ធផលល្អប្រសើរ ។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន ក្នុងនាមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសនេសាទខុសច្បាប់ ពិសេសយកចិត្តទុកដាក់ ការពារឲ្យបានដាច់ខាត តំបន់អភិរក្សបឹងទន្លេឆ្មារ និងតំបន់អភិរក្សនៅបាឡត ។ ជាមួយនោះដែរ កងកម្លាំងទាំងអស់ មិនត្រូវឃុបឃិត ឬពាក់ព័ន្ធជាមួយជនប្រព្រឹត្តបទល្មើសនេសាទជាដាច់ខាត។ ក្នុងករណីរកឃើញមានបុគ្គលណាមួយពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដាក់វិន័យតាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ក្នុងករណីធ្ងន់ធ្ងរ នឹងត្រូវស្នើសុំលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ។ហើយនៅក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនប្រេងឥន្ធនៈ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំង ទីបញ្ជាការស្រាល ដើម្បីបន្តសកម្មភាពការងារដោយគ្មានការដកថយឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។








![]()
