ឯកឧត្តម អ៊ុន ប៊ុត្ត លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សា និងនាំគ្នាលេងល្បែងប្រជាប្រិយ នៅតាមទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
កំពង់ធំ ÷ ល្បែងប្រជាប្រិយខ្មែរ ដែលមានតាំងពីបុរាណកាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានឹងនាំគ្នាលេង នៅតាមទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជៀសវាងការបាត់បង់ នាំឲ្យក្មេងជំនាន់ក្រោយមិនស្គាល់។ ឯកឧត្តម អ៊ុន ប៊ុត្ត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីកាត់ខ្សែបូ ឆ្លងក្លោងទ្វារវត្ត និងសម្ពោធផ្លូវក្រាលគ្រួសក្រហម នាព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៦ នៅវត្តពោធិរុក្ខារាម ស្ថិតនៅក្នុងភូមិក្លែង ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នៅតាមទីវត្តអារាមនានា នៅក្នុងប្រទេសកម្ពុជា គួរតែរៀបចំ កម្មវិធីលេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ វាយក្អម ចោលឈូង ចាប់កូនខ្លែង លោតបាវ និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ហើយត្រូវជៀសវាងនាំគ្នាលេងល្បែង ដែលមិនមែនជាប្រពៃណីខ្មែរដូចជា ប៉ាតម្សៅ បាញ់ទឹកឬគប់ទឹកថង់ដាក់គ្នា និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីវត្តអារាម. ដូច្នេះ ក្នុងនាមបងប្អូនជា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត គួរតែគិតគូរអំពីការ បង្កើតនិងរក្សាការលេងល្បែងប្រជាប្រិយ ឲ្យបានត្រឹមត្រូវទៅតាមទំនៀមទម្លាប់របស់ដូនតាយើងដែលបានបន្សល់ទុក្ខ កុំឱ្យបាត់បង់។
ឯកឧត្តម ក៏បានបន្តទៀតថា ចំពោះបញ្ហាព្រំដែន សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើង ត្រូវតែជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល កុំនាំគ្នាឆាប់ជឿទៅលើ ព័ត៌មានមិនពិតដែលបានឃើញនៅលើបណ្ដាញសង្គម។ ពីព្រោះនេះគឺជាសង្គ្រាមផ្លូវចិត្តរបស់ថៃដែលតែងតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភ។ មានតែខ្មែរយើងខ្លាំង ខ្មែររួបរួមសាមគ្គីទើបខ្មែរឈ្នះ។ ហើយយើងត្រូវតែ មានស្មារតីជាតិនិយម ដោយចូលរួមនាំគ្នាពហិកាមិនបន្តប្រើប្រាស់ផលិតផលរបស់ប្រទេសថៃជាដាច់ខាត។
ជាចុងក្រោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្មែរយើងរឹងមាំ ហើយខ្មែរយើងខ្លាំង សូមបងប្អូន ជាឪពុកម្ដាយត្រូវតែខិតខំរកស៊ីចិញ្ចឹមជីវិត បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ហើយប្អូនៗដែលជាទំពាំងស្នងឬស្សី ត្រូវតែខិតខំរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យាទំនើប ពីព្រោះថាមានតែចំណេះវិជ្ជាទេ ទើបធ្វើឲ្យខ្មែរយើងខ្លាំង អាចការពារទឹកដីបាន និងរួចចាកផុតពីការប្រម៉ាត់មើលងាយពីប្រទេសជិតខាង។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលផ្សេងៗ រួមទាំងខ្លោងទ្វារធំ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២៧០ ម៉ែត្រ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាថ្ងៃនេះ សរុបទឹកប្រាក់ចំណាយមានចំនួន ១២៧,២៧៤,៥០០៛ ដែលការចំណាយនេះ គឺកើតចេញពីការរួបរួមសហការគ្នា របស់ព្រះគ្រូចៅអធិការវត្ត ជាមួយអាជ្ញាធរភូមិឃុំ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ដោយគិតចាប់ពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ។
អត្ថបទ ដោយលោកលន សុភា.ពិនិត្យដោយសេក.សាវេត
















![]()
