លោក សាយ គឹមឡម បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ព្រោះមានតែចំណេះដឹងទេ ដែលអាចកំណត់ និងកែប្រែជោគវាសនាអនាគតរបស់យើងឱត្រចះត្រចង់បាន
(កំពង់ធំ)÷ លោក សាយ គឹមឡម បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ព្រោះមានតែចំណេះដឹងទេ ដែលអាចកំណត់និងកែប្រែជោគវាសនាអនាគតរបស់យើងឱ្យត្រចះត្រចង់បាន លោកបានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធី
បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ១០២នាក់ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៦ ។
លោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទសកលភាវូបនីយកម្ម និងការរីកចម្រើននៃវិទ្យាសាស្រ្តឥតឈប់ឈរតាមបែបឌីជីថលនិង AI យុវជន សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្រ្តសង្គមដែលនឹងជួយអភិវឌ្ឍខ្លួនឯង ជាពិសេសធ្វើឱ្យប្រទេសជាតិយើងខ្លាំងក្លាអាចទប់ទល់និងការពារពីការវាយប្រហារបស់សត្រូវឈ្លានពានលើដែនអធិបតេយ្យភាពបូរណភាពទឹកដីនៃយើងថែមទៀត។
ជាមួយគ្នានេះលោកក៏បានបង្ហាញនូវទិដ្ឋភាពនិងបច្ចុប្បន្នភាពនៃសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលមានប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកវាយប្រហាទៅលើប្រទេសអ៊ីរ៉ង់ក៏ដូចជាផលប៉ះពាល់នៃសេដ្ឋកិច្ចសកល ភូមិសាស្រ្ត និងឥរិយាបថនយោបាយថែមទៀត លោកបន្ថែមថាមានតែយើងខ្លាំងដែលកើតឡើងចេញពីការសិក្សារៀនសូត្រប្រកបដល់មូលធនមនុស្ស មានសេដ្ឋកិច្ចរឹងមាំ មានសព្វាវុធខ្លាំងក្លា និងប្រព័ន្ធអប់រំរឹងមាំថែមទាំងប្រព័ន្ធការពារជាតិខ្លាំងទេហើយមានភាពធន់ និងសត្រូវមិនហ៊ានឈ្លានពានយើង។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានបង្ហាញនូវបទពិសោធន៍ល្អៗនៃការសិក្សារៀនសូត្រ ការប្រព្រឹត្តខ្លួនរស់នៅក្នុងសង្គម ជីវិតជាអ្នករាជការ ថែមទាំងណែនាំដល់យុវជនកុំមានមោទនភាពជ្រុលនិយម ហើយត្រូវចេះចាប់យកឱកាសល្អៗ និងមានភាពវៃឆ្លាតតាមបរិបទសង្គមនៃប្រទេសជាតិថែមទៀត។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានលើកទឹកចិត្តថែមទៀតដល់យុវសិស្ស ដែលបានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅក្នុងឱកាសនេះ ត្រូវប្រើប្រាស់ឯកសណ្ឋាននិងធ្វើខ្លួនប្រកបដោយវិជ្ជាជីវៈ មានក្រមសីលធម៌ មានបេះដូងមនុស្សធម៌នៅក្នុងខ្លួន ជាពិសេសធ្វើកិច្ចការមនុស្សធម៌ឱ្យបានច្រើនជាយុវជនគំរូនៅក្នុងសង្គម និងសិស្សប្អូនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់អនាគតប្រទេសជាតិ ហើយត្រូវជ្រើសរើសការសិក្សារៀនសូត្រនៅមហាវិទ្យាល័យប្រកបដោយឧបនិស្ស័យ ចំណង់ចំណូលចិត្ត មានទស្សនៈវិស័យវែងឆ្ងាយ ជាពិសេសត្រូវវិលត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋាន និងសាលារៀនដែលធ្លាប់ផ្ដល់កំណើតឱ្យខ្លួនថែមទៀត។
សូមបញ្ជាក់ថា ឯកសណ្ឋានដែលបានបំពាក់ជូនសិស្សានុសិស្សនៅក្នុងឱកាសនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង ពិនិត្យដោយលោក ធូ កែវមុន្នី












![]()
