លោកអភិបាលស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំ និងការិយាល័យ អង្គភាពជុំវិញស្រុកត្រូវធ្វើផែនការ៣ឆ្នាំរំកិលរបស់ខ្លួនដោយផ្ដោតលើជីវភាព និងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំ និងការិយាល័យអង្គភាពជុំវិញស្រុក ត្រូវធ្វើផែនការ៣ឆ្នាំរំកិលរបស់ខ្លួនដោយផ្ដោតលើជីវភាព និងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកបានដឹកនាំប្រជុំស្ដីពី ការរៀបចំនិងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩ របស់រដ្ឋបាលស្រុកនិងរដ្ឋបាលឃុំ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅសាលាស្រុកស្ទោង។
លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធ ត្រូវតែចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មាន កៀរគរធាតុចូល ពីមូលដ្ឋានផ្ទាល់ សប្បុរសជន ដៃគូអង្គការអភិវឌ្ឍន៍នានា ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលឈរលើចក្ខុវិស័យវែងឆ្ងាយ សមស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេស គម្រោងជំនួយសង្គម ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រផ្លូវគមនាគមន៍ជាដើម។
លោកបានជំរុញបន្ថែមទៀត ដល់ការិយាល័យអង្គភាព រដ្ឋបាលឃុំ ត្រូវតែប្រប្រជុំពិភាក្សា អនុម័ត និងឯកភាពគ្នាឱ្យបានច្បាស់លាស់ដើម្បីទាមទារនូវសុក្រិតភាព ត្រូវគោលដៅ បរិបទសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិយាកាសសាកលភាវូបណីយកម្មថែមទៀត ជាពិសេស ការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធិភាព តម្លាភាពនិងគណនេយ្យភាពថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រប្រកបដោយទំនួលខុសត្រូវ និងជាក់ស្ដែងបំផុត ហើយត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការសំអាតនិងលើកកម្ពស់បរិស្ថានសាធារណៈ ការធ្វើអនាម័យជាប្រចាំនៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងថែរក្សាការពារសូឡាដែលបានបំពាក់ជូននិងបំពាក់ទង់ជាតិឱ្យបានស្រស់ស្អាត ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។














![]()
