មហាជនស្រុកបារាយណ៍បង្កើតការប្រកួតកីឡាប៊ូល និងប៉េតង់ បំផុសឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម
(កំពង់ធំ)៖មហាជនស្រុកបារាយណ៍ ខេត្តកំពង់ធំបង្កើតការប្រកួតកីឡាប៊ូល និងប៉េតង់ បំផុសឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ។
លោក ណឹម ចន្ថា ជាកីឡាកមួយរូបបានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៦នេះថាបង្កើតការប្រកួតកីឡាប៊ូល និងប៉េតង់នាពេលនេះមានគោលបំណងលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា និងមានការចូលរួមដកស្រង់បទពិសោធបច្ចេកទេស ពិសេសរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអ្នកចូលចិត្តលេងកីឡាប៉េតង់និងបំផុសគំនិតឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។
លោកបន្តថាកីឡាប៊ូល និងប៉េតង់ ជាប្រភេទកីឡាមិនត្រូវការទីធ្លាធំ និងស្មុគស្មាញ មិនប្រើប្រាស់សម្ភារច្រើនដូចកីឡាផ្សេងទើបធ្វើឲ្យកីឡាប៊ូល និងប៉េតង់នេះមានទីលានប្រកួតច្រើន មិនថានៅតាមសាលារៀន ទីតាំងស្ថាប័នរដ្ឋ ឬតាមផ្ទះឯកជនគឺមានទីលានប៊ូលច្រើន និងមានការចូលរួមលេងច្រើនទាំងវ័យចាស់ វ័យក្មេង គឺតែងតែងជួបជុំគ្នាលេង ហើយកីឡាមួយនេះងាយស្រួលលេងមិនគ្រោះថ្នាក់ និងមិនត្រូវការចេះខ្លាំង ឬហ្វឹកហាត់សិនទើបអាចលេងបាននោះឡើយ អ្នកចង់លេងគ្រាន់តែចេះបោះល្មមៗអាចលេងបានហើយទើបកីឡាប៊ូល និងប៉េតង់នេះមានអ្នកចូលចិត្តលេងច្រើនមិនចាញ់កីឡាបាល់ទាត់ បាល់ទះ។ បច្ចុប្បន្ននេះអ្នកលេងប៊ូលមួយចំនួនបានណាត់ជួបគ្នាពីខេត្តមួយទៅខេត្តមួយដើម្បីសាកល្បងសមត្ថភាពគ្នាទៀតផង ។
លោកបន្តថាកម្មវិធីនេះគឺបានរៀបចំគាំទ្រពីមហាជនគ្រប់ស្រទាប់ដែលបានដាក់រហ័សនាមថា មកពីនេះ មកពីនោះពិសេសបានចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងការរៀបចំជំរុញ និងអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន
ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក ណឹម ចន្ថា សូមអរគុណដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមរួមទាំងគណៈកម្មការផងដែរ និងសូមឱ្យក្រុមកីឡាករទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទៅប្រកួតទីកន្លែងផ្សេងៗទៀត។


















![]()
