មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារ ត្រីមាសទី២ ឆ្នាំ២០២៦
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំកិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នាយរងរដ្ឋបាលខេត្ត តំណាងមន្ទីរ អង្គភាព អង្គការដៃគូ និងមន្ត្រីពាក់ព័ន្ធជាច្រើន។
ជាកិច្ចចាប់ផ្តើមលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសម្ដែងការស្វាគមន៍គណៈអធិបតី និងបានអានរបាយការណ៍ពីសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី១ ដែលការិយាល័យជំនាញនីមួយៗសម្រេចបាន ។
ឯកឧត្តម អ៉ិន ចន្ថា បានកោតសរសើរ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តការងារបានល្អក្នុងឆ្នាំ២០២៥ កន្លងមក ដើម្បីជំរុញចក្ខុវិស័យអភិវឌ្ឍន៍ជនបទឱ្យមានវិបុលភាព បរិយាបន្ន នវានុវត្តន៍ និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងសុខុមាលភាពកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាពគ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា មន្ទីរបានអនុវត្តតួនាទីជាសេនាធិការជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តយ៉ាងសកម្ម ក្នុងការអភិវឌ្ឍជនបទនៅខេត្តកំពង់ធំ ដោយអនុវត្តតាមអនុសាសន៍ថ្នាក់ដឹកនាំ និងគោលនយោបាយរាជរដ្ឋាភិបាល។ ឯកឧត្តម បានមានអនុសាសន៍ផ្តាំផ្ញើសម្រាប់កិច្ចប្រជុំត្រីមាសទី១ ឆ្នាំ២០២៦នេះ៖
១.រក្សាសុខសន្តិភាព និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ២.លើកកម្ពស់គុណភាពផ្លូវជនបទ ដើម្បីភ្ជាប់គ្រប់តំបន់ និងជំរុញសេដ្ឋកិច្ច ៣.ជម្រុញទឹកស្អាត និងអនាម័យជនបទ រក្សាស្ថានភាព ODF និងអនុវត្តកម្មវិធី SMS តាមផែនការ ២០២៦-២០៣៣ ៤.ពង្រឹងការតាមដានអនុវត្តថវិកា ឆ្នាំ២០២៦ និងកម្មវិធីអាទិភាពឱ្យបានជោគជ័យ ៥.បង្កើនការអប់រំ និងផ្សព្វផ្សាយបច្ចេកទេសទៅដល់មូលដ្ឋាន តាមរយៈការបណ្តុះបណ្តាល ៦.ទាក់ទាញការចូលរួមពីដៃគូ អង្គការ និងវិស័យឯកជនក្នុងអភិវឌ្ឍន៍ជនបទ ៧.ថែទាំសុខទុក្ខមន្រ្តី និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ រូបភាព អ៊ុត ដាវីត-ពិនិត្យដោយអ៊ុមញឹប។













![]()
