ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ដោយបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្ត ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ
(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ដោយបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្ត ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ នាពេលខាងមុខនេះ ស្ថិតនៅសាលប្រជុំប្រាសាទយាយព័ន្ធ (អគារC) នៃរដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម ហាន កុសល បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាល ខេត្តក្រចេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះជាណាចក្រកម្ពុជា។
ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានបន្តទៀតថាដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះ ប្រកបដោយភាពអធិកអធម និងទទួលបានជោគជ័យ ក្រសួងទេសចរណ៍ស្នើសុំកិច្ចសហការពីឯកឧត្តមអភិបាល ចូលរួមរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់សក្តានុពល ផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្ត។ ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានឱ្យក្រុមការងារត្រៀមឧបករណ៍ សម្ភារៈ រូបថតដែលជាសក្តានុពលនៅក្នុងខេត្តកំពង់ធំ និងត្រៀមផលិតផលដែលមានគុណភាព ដើម្បីដាក់តាំងពិពណ៌។
សូមបញ្ជាក់ផងដែរថា សម្រាប់ស្តង់ដារស្តង់ពិព័រណ៍ក្នុងតំបន់VIPមាន÷ ១. ត្រូវមានក្រាលក្ដារ និងក្រាលព្រំ ២. ជញ្ជាំងស្តង់ត្រូវកិបជាមួយឆ្អឹងដែក និងកិបជាPVC ៣. តុត្រូវចាប់បូរ ឬក្រាលកម្រាល។ គំរូស្តង់ពិព័រណ៍3Dស្តង់មានទំហំ៣ម៉ែត្រ x ៣ម៉ែត្រ កំពស់២,៣ម៉ែត្រផ្លាកឈ្មោះអាជីវកម្ម តុ០១ កៅអី០២ អំពូល០១ បណ្ណចេញ-ចូលរថយន្ត០១ និងបណ្ណសម្គាល់ខ្លួន០២ផងដែរ។ អត្ថបទលោក ធូ កែមុន្នី-ពិនិត្យដោយអ៊ុមញឹប។















![]()
