ឯកឧត្តមបណ្ឌិត សួង ណយ បានដាក់គោលការណ៍៥ចំណុច ដើម្បីឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ទទួលបានជោគជ័យ
(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានដាក់គោលការណ៍៥ចំណុច ដើម្បីឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ទទួលបានជោគជ័យ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានទីតាំងមាត់ស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តមបណ្ឌិតបានថ្លែងដូច្នេះនៅក្នុងក្នុងកិច្ចប្រជុំត្រៀមរៀបចំប្រតិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ឆ្នាំ២០២៦ នៅសាកប្រជុំប្រាសាតោ នៃរដ្ឋបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានៅផងដែរឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំបានបង្ហាញពីកម្មវិធី“សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦”
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦:៣០នាទីរសៀល ពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ធំ” និងអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដោយមានស្តង់ពិព័រណ៍ផលិតផលមកពី ២៥រាជធានីខេត្តនៅ(សួនសម្តេចតេជោ)។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៧:០០នាទីព្រឹក
ពិធីវេចអន្សម និងលីងអំបុកសាមគ្គីជូនដល់វីរកងទ័ពនៅ(វេទិកាអុំទូកខេត្តកំពង់ធំ)។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៧:០០នាទីព្រឹក ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជួនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ និងពីធីរាប់បាត្រព្រះសង្ឃចំនួន ១៥៨អង្គនៅ(សួនស្ទឹងសែន)។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ង១០:៤៨ នាទីព្រឹក ពិធីទទួលទេវតាឆ្នាំថ្មីទេពធីតា រាក្យសាទេវី ឆ្នាំមមី អដ្តស័ក ព.ស.២៥៧០នៅ(ផ្ទះបារាំង)។ នៅថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៦កម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមាន÷ (កម្មវិធីល្បែងប្រជាប្រិយ កម្មវិធីរបាំបុរាណប្រពៃណី កម្មវិធីរាំលេងកម្សាន្ត) នៅតាមសួនដងស្ទឹងសែន។
នៅក្នុងកិច្ចប្រជុំនេះផងដែរឯកឧត្តមបណ្ឌិត សួង ណយ
បានមានប្រសាសន៍ពីការរៀបចំចងបដា ផ្ទាំងផ្សព្វផ្សាយ នៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសាលើកទី៩ ក្រោមប្រធានបទ ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦)។ ពិភាក្សាលើប្លង់ទីតាំងស្តង់ពិពរ័ណ៍ ការរៀបចំស្តង់ និងបែងចែកការទទួលខុសត្រូវ មានចំនួន(២៥០ស្តង់)។ មានផ្តល់ស្តង់ដោយឥតគិតថ្លៃ ជូនតំណាងរាជធានីខេត្តទាំង២៥ ចំនួន២ទៅ៤ស្តង់ ក្នុង១រាជធានីខេត្ត ដើម្បីនាំយកផលិតផលក្នុងរាជធានី ខេត្តរបស់ខ្លួនមកដាក់តាំងបង្ហាញ។ មានការជ្រើសរើសផលិតករសម្រាប់យកផលិតផលមកដាក់លក់ និងបង្ហាញ។ ការអញ្ជើញសមាសភាពចូលរួមពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។ មានការចាក់ផ្សាយសារសម្តេចធិបតី លើទូរទស្សន៍ វិទ្យុ បណ្តាញសង្គម (ស្នើសុំរាជធានី ខេត្តទាំង២៥ ជួយចាក់ផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងរាជធានី/ខេត្ត)។ រៀបចំក្លោងទ្វាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី គូសបញ្ជាក់ថាដើម្បីជំរុញការងារចលនាភូមិមួយ ផលិតផលមួយ កាន់តែមានសន្ទុះខ្លាំងក្លា និងមានសមិទ្ធិផលធំធេង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦ បានដាក់គោលការណ៍០៥ចំណុចដូចខាងក្រោម៖ ១.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវរៀបចំទិវាជាតិលើកកម្ពស់ការ ប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ ដែលទិវាជាតិនេះត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមេសា មុនការរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីឱ្យប្រជាជនយើងបានយល់ដឹងនិងទិញទំនិញប្រើប្រាស់ជាផលិតផលខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើង។ ២.ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំក្រុមការងារជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីរួមសហការជាមួយនឹងអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ដែលជាសេនាធិការ ជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ៣.ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវសហការគ្នារៀបចំផែនការ និងយុទ្ធសាស្ត្ររួមគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ និងការប្រជុំចែករំលែក បទពិសោធដើម្បីដោះស្រាយបញ្ហា និងការប្រឈមនានា ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ការយល់ដឹង និងប្រើប្រាស់ផលិតផលខ្មែរ។ ៤. គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី/ខេត្ត ទូទាំងប្រទេស ដែលបាន រៀបចំបង្កើតកាលពីឆ្នាំ២០១៤ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងអគ្គលេខាធិការដ្ឋានភូមិមួយ ផលិតផលមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នៃការខិតខំលើកកម្ពស់ផលិតផលខ្មែរ ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត របស់ខ្លួន ដោយប្រើប្រាស់យន្តការនានា ធនធានថវិការបស់សាលាខេត្ត មន្ទីរវិស័យពាក់ព័ន្ធក្នុងការ ចូលរួមជំរុញ និងលើកកម្ពស់ផលិតផលខ្មែរក្នុងរាជធានីខេត្តរបស់ខ្លួន។ ៥.ក្នុងគោលដៅលើកកម្ពស់ផលិតផលក្នុងស្រុក សូមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយ បង្កើនកញ្ចប់ថវិកាជាតិដល់គណៈកម្មាធិការជាតិ ក៏ដូចជាគណៈកម្មាធិការរាជធានី-ខេត្តជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។




















![]()
