លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំជួរទ័ពធ្វើការផ្សព្វផ្សាយបទបញ្ជារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង អំពីតួនាទី/ភារកិច្ចគ្រប់គ្រង និងសភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការបាទដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ ហាមដាច់ខាតពាក់ព័ន្ធជាមួយល្បែងស៊ីសងខុសនឹងច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវកាងឬជួលទីកន្លែងឱ្យជនបរទេសទាំងឡាយណាដែលគួរសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា រាល់កម្លាំងចុះល្បាត ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងកម្លាំងចុះបង្ក្រាបត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលយុត្តិធម៌ ជាកងកម្លាំងបម្រើប្រជាជន និងសង្គមជាតិ។ ប្រសិនបើមានហេតុការណ៍កើតឡើងនៅមូលដ្ឋានណាមួយ សូមកម្លាំងទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីចុះបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យល្បែងស៊ីសង្ឃគ្រប់ប្រភេទនេះរីករាលដាលនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។




















![]()
