ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោងបានលើកឡើងថា ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះគឺ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន
(កំពង់ធំ)÷ ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តិជនកម្ពុជាស្រុកស្ទោងបានលើកឡើងថា ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះគឺ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខរំលែកទុក្ខក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនពីរគ្រួសារនៅក្នុងឃុំម្សាក្រងនិងឃុំកំពង់ចិនជើង កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ជានិច្ចជាកាល សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម តែងតែឧបត្ថម្ភនូថវិកាបេឡាមរណៈសង្គ្រោះ ដែលជាការតបស្នងសងគុណ មិនអាចកាត់ថ្លៃបានដល់ អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបព្រមទាំងក្រុមគ្រួសារដែលបានលះបង់និងពលីសព្វបែបយ៉ាងទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ សុខសន្តិភាព និងការពារបូរណភាពទឹកដីសុវណ្ណភូមិ នៃយើងពីសង្គ្រាមឈ្លានពានក៏ដូចជាអសន្តិសុខណាមួយ ឱ្យមានសុវត្ថិភាពបំផុត។
ជាមួយគ្នានេះលោក សាយ គឹមឡម បានជម្រាបអំពីបច្ចុប្បន្នភាពនៃការឈ្លានពាន បង្កអអរិភាពរបស់ប្រទេសថៃមកលើព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវមានការជឿជាក់ខ្ពស់បំផុតដល់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហានេះដែលប្រើប្រាស់គ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់ និងការទូតដើម្បីធានានូវសុខសន្តិភាព ជាពិសេសបូរណភាពទឹកដី នៃយើងមិនឱ្យបាត់បង់ទៅសត្រូវណាមួយឡើយ។
លើសពីនេះ លោកបានណែនាំដល់អាជ្ញាធរឃុំម្សាក្រង ឃុំកំពង់ចិនជើង ត្រូវពិនិត្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជីវភាព អតីតយុទ្ធជន និងក្រុមគ្រួសារនិងពលរដ្ឋទូទៅ ឱ្យបានហ្មត់ចត់បំផុតជាពិសេសពុកម៉ែបងប្អូនដែលងាយរកហានិភ័យ ហើយត្រូវធ្វើរបាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសទៅរដ្ឋាភិបាលស្រុកស្ទោងក្នុងករណីចាំបាច់បំផុត ដើម្បីធានានូវការជួយនិងសង្គ្រោះក្នុងស្ថានភាពណាមួយឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គ្រួសារសមាគមអតីតយុទ្ធជន និងនិវត្តិជនដែលទទួលបានថវិកាបេឡាមរណៈសង្គ្រោះនៅក្នុងឱកាសនេះគឺឈ្មោះ ថុន រួន នៅក្នុងឃុំម្សាក្រង និងឈ្មោះ ធា យី នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុង១គ្រួសារទទួលបានថវិកាចំនួន៤លានរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យអ៊ុមញឹប។










![]()
