ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនពិការ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ស្រុកប្រាសាទសំបូរ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២០ ក្នុងស្រុកប្រាសាទសំបូរ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្នោតជួរ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោក យ៉ាវ យួន មានអាយុ ៦៣ឆ្នាំ បានរៀបរាប់ថា៖ លោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពយោធាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានឋានន្តរសក្ដិ ពលបាលឯក ហើយត្រូវទទួលរងរបួសជើងស្ដាំដោយសារជាន់គ្រាប់មីននៅក្នុងសមរភូមិបុស្សវែង ឃុំស្រើង ស្រុកប្រាសាទសំបូរ កាលពីឆ្នាំ ១៩៩០ ក្រោយមកលោកត្រូវបានក្រសួងការពារជាតិ វាយតម្លៃដាក់ឱ្យលោកចូលជាយោធិនពិការ នៅក្នុងឆ្នាំ២០០០ ។ លោកពលបាលឯក យ៉ាវ យួន មានភរិយា ឈ្មោះ ហេង ឃួន អាយុ ៦២ឆ្នាំ មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៦នាក់ នៅក្នុងបន្ទុក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២០ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃីម សុខឃាង ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកពលបាលឯក យ៉ាវ យួន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។
លោក ឃីម សុខឃាង អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជនពិការ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នងដែលជាខ្នងផ្ទះទី២០ នៅស្រុកប្រាសាទសំបូរ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់អតីតយុទ្ធជនពិការ នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសិស្សរងកំពង់ធំ -ពិនិត្យដោយអ៊ុមញឹប។















![]()
