ព្រះទេពសត្ថា សៀង សុខ ជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្រាប់សាលាអនុគណស្រុកតាំងគោក
(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្រាប់សាលាអនុគណស្រុកតាំងគោក រសៀលថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និមន្ត អញ្ជើញជាព្រះអធិបតី-អធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្រាប់សាលាអនុគណស្រុកតាំងគោក ក្រោមការរៀបចំដោយ:ព្រះមង្គលសីលវ័ន្ដ លីម វុឌ្ឍី ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក ព្រមទាំងមន្ត្រីសង្ឃ សហការី ស្ថិតក្នុងវត្តសម្តេចជោតញ្ញាណ ហៅវត្តតាំងគោក ភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ក្នុងនោះមានសមាសភាព និមន្ត-អញ្ជើញចូលរួមចំនួន ៥៣៧អង្គ/នាក់ ប្រកបដោយសោមនស្សជ្រះថ្លា យ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា។
លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ស្រុកតាំងគោកជាស្រុកទី៩ ក្នុងខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ របស់សាលាគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានអនុវត្តគោលការណ៍ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា បានដាក់ចុះមក ប្រកបដោយមោទកភាពវិស័យព្រះពុទ្ធសាសនាខេត្តកំពង់ធំ។
ព្រះទេពសត្ថា សៀង សុខ មានសង្ឃដឺការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនថ្វាយដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះទេ គឺពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ព្រោះថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីការថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ សូមព្រះចៅអធិការគ្រប់វត្ត គណៈកម្មការអាចារ្យ និងព្រះសង្ឃ រៀបចំទទួលទេវតាឆ្នាំថ្មី ដោយមានរៀបចំលេងល្បែងប្រជាប្រិយ តាមបែបប្រពៃណីខ្មែរ ស្រង់ព្រះជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវ ធានាបាននូវសុខសុវត្ថិភាព គ្មានបងតូច បងធំ គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន នៅតាមទីវត្តអារាម ពិសេសចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ អត្ថបទ សាលាគណខេត្តកំពង់ធំ.ពិនិត្យអ៊ុមញឹប។














![]()
