អភិបាលស្រុក ស្ទោងអំពាវនាវពុទ្ធសាសនិកត្រូវបន្តវប្បធម៌ចែករំលែកដើម្បីពុទ្ធសាសនារុងរឿងគ្រប់ ៥,០០០ព្រះវស្សា
(កំពង់ធំ)÷ លោក សាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងព្រះ គ្រូឡាំ អិត ព្រះចៅអធិការវត្តពោធិ៍ដំណាក់ បានអញ្ជើញនិងនិមន្តជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកនៅក្នុងវត្តពោធិ៍ដំណាក់ ក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ ២០២៥។
លោកបានបន្ថែមថា សុខសន្តិភាពគឺជាកត្តាដ៏សំខាន់មួយទៀតដែលនាំឱ្យមានការជួបជុំធ្វើបុណ្យទានរួមគ្នាអភិវឌ្ឍប្រទេសជាតិរួមគ្នា ដែលបានមកដោយការលះបង់មិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលសន្តិភាពនេះមិនអាចដោះដូរបានទេទោះក្នុងតម្លៃណាក៏ដោយ។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តការថែរក្សាការពារធនធានធម្មជាតិព្រៃលិចទឹកនិងមច្ឆាជាតិនៅក្នុងតំបន់ដើម្បីជាសម្បត្តិរួមដល់កូនចៅជំនាន់ក្រោយជាពិសេសសូមកុំចាញ់បោក ជនឱកាសនិយមដែលតែងតែបំផុសបំផុលនូវអំពើអាណាធិបតេយ្យផ្សេងៗ ដែលអាចប្រឈមនឹងទោសទណ្ឌកម្មច្បាប់ជាធរមាន។
លើសពីនេះសូមអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំកូនចៅដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាអ្នកសិក្សារៀនសូត្រប្រកបដោយគុណភាព និងជាយុវជនគម្រូមិនសេពគប់នៅអបាយមុខទាំងពួងថែមទាំងជាកម្លាំងស្នូលសម្រាប់អភិវឌ្ឍប្រទេសជាតិពេលខាងមុខ។
លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ញាតិញោមពុទ្ធបរិស័ទព្រះសង្ឃគ្រប់ព្រះអង្គ និងលោកគ្រូ អាចារ្យគណៈកម្មការវត្ត ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមបច្ច័យដើម្បីកសាងស្រះទឹកដែលជាសម្បត្តិរួមក្នុងពុទ្ធសាសនាក្នុងឱកាសនេះ និងបានសមប្រកបនៅពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកនេះ
រដ្ឋបាលស្រុកស្ទោងបានចូលរួមបច្ច័យក្នុងពិធីបុណ្យនេះចំនួន២៦០ម៉ឺនរៀល ហើយស្រះទឹកនេះមានទំហំបណ្ដោយ៣៤ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅ១០ម៉ែត្រ និងអស់បច្ច័យសាងសង់សរុប៦៣,៧០០ ដុល្លារសហរដ្ឋអាមេរិកផងដែត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។