ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ដែលសមាសភាពចូលរួម៦៥៣អង្គ/នាក់ ស្ថិតក្នុងវត្តឃ្លាំងខ្មូត
(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង និមន្តអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ព.ស២៥៦៩ គ.ស២០២៦ សម្រាប់សាលាអនុគណស្រុកស្ទោង ក្រោមការរៀបចំដោយ ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះធម្មធរគណខេត្ត និងជាព្រះគ្រូបរិត្តកោសល អនុគណស្រុកស្ទោង ព្រមទាំងសហការី ដែលសមាសភាពចូលរួមចំនួន ៦៥៣អង្គ/នាក់ ស្ថិតក្នុងវត្តឃ្លាំងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដឺការថាការបំបួសកុលបុត្រក្នុងព្រះពុទ្ធសាសនា គឺត្រូវធ្វើការសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ពិនិត្យបុគ្គលិកលក្ខណៈកាយសម្បទាបានត្រឹមត្រូវ ត្រូវធ្វើការពិនិត្យរកសារធាតុញៀន ជាពិសេសកុលបុត្រដែលបានបួសរួចហើយត្រូវស្វាធ្យាយសិក្សារៀនសូត្រពុទ្ធវចនៈឱ្យបាន ជ្រៅជ្រះ និងច្បាស់លាស់ព្រោះគម្ពីរព្រះត្រៃបិដក ជាទីប្រជុំចុះនៃពុទ្ធវចនៈដែលពុទ្ធសាសនិកត្រូវសិក្សាស្រាវជ្រាវយកមកប្រតិបត្តិក្នុងវិថីជីវិតឱ្យបានល្អប្រសើរ និងរក្សាពុទ្ធសាសនាឱ្យមានតម្លៃគង់វង្សយូរអង្វែងគ្រប់៥,០០០ព្រះវស្សា ហើយក៏មានការទ្រទ្រង់នូវចង្ហាន់របស់ពុទ្ធបរិស័ទផងដែរ។
ទន្ទឹមនឹងនេះគ្រប់វត្តអារាមត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អនិងស្អិតរមួតបំផុតរវាងព្រះសង្ឃនិងអាចារ្យ គណៈកម្មការវត្ត ហើយត្រូវចៀសវាងឱ្យបានដាច់ខាតនូវអធិករណ៍ផ្សេងៗដើម្បីវត្តអារាមមានការរីកចម្រើនទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងមានការជឿទុកចិត្តពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយថែមទៀត។
លើសពីនេះគ្រប់វត្តអារាមត្រូវមានប្លង់មេនិងផែនការអភិវឌ្ឍច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ ការកសាងនូវសំណង់ថ្មីៗ រៀបចំដាំនៅដើមឈើប្រណីត សួនច្បារ សួនបន្លែ ជាពិសេសត្រូវធ្វើឱ្យវត្តអារាមក្លាយទៅជាទីមេត្រីបៃតងបែបព្រះពុទ្ធសាសនា ហើយសាលាអនុគណស្រុកស្ទោង និងគ្រប់បណ្ដាវត្តអារាមទាំងអស់ត្រូវបន្តបេសកកម្មមូលនិធិសឹង្ហសង្គមឱ្យបានញឹកញាប់បំផុតជាមួយប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន ជនភៀសសឹក គ្រួសារវីរៈកងទ័ព និងកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន។
ជាចុងបញ្ចប់ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម tik tok ហ្វេសប៊ុក ឱ្យបានត្រឹមត្រូវ ពិសេសកុំឱ្យប៉ះពាល់តម្លៃអ្នកបួសក្នុងពុទ្ធសាសនា ត្រូវប្រើប្រាស់ឱ្យក្លាយជាគុណប្រយោជន៍សម្រាប់សង្គមនិងការសិក្សាថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃនិងពុទ្ធបរិស័ទសរុបប្រមាណ៦៥៣អង្គនាក់ ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។











![]()
