លោក សាយ គឹមឡម ជំរុញគ្រួសារជនភៀសសឹក ពលរដ្ឋ នៅមូលដ្ឋានត្រូវណែនាំកូនចៅរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ
(កំពង់ធំ)÷ លោក សាយ គឹមឡម ជំរុញគ្រួសារជនភៀសសឹក ពលរដ្ឋនៅមូលដ្ឋានត្រូវណែនាំកូនចៅរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ លោក សាយ គឹមឡម បានជំរុញដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជនភៀសសឹក គ្រួសារវីរៈកងទ័ព និងគ្រួសារងាយរងហានិភ័យនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។
ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថាមានតែចំណេះវិជ្ជាទេទើបជួយខ្លួនឯងនិងគ្រួសារ ដែលនាំឱ្យខ្លួនយើងថ្លៃថ្នូរមាន អនាគតភ្លឺស្វាង ជាពិសេសក៏កាន់តែធ្វើឱ្យប្រទេសជាតិខ្លាំងក្លាមានសេដ្ឋកិច្ចធំ ជាខឿនសម្រាប់លើកកម្ពស់វិស័យយោធាថែមទាំងអាចការពារជាតិមាតុភូមិពីសត្រូវឈ្លានពានគ្រប់ទិសទីនិងគ្រប់កាលៈទេសៈផងដែរ។
ជាមួយគ្នានេះលោកបានអំពាវនាវថែមទៀតដល់ពលរដ្ឋខ្មែរគ្រប់រូបជាពិសេសពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង និងគ្រួសារជនភៀសសឹកត្រូវបន្តពហិកាប្រទេសសៀមឬទំនិញរបស់សៀមដើម្បីកាត់បន្ថយនូវឥទ្ធិពលសេដ្ឋកិច្ចក៏ដូចជាយោធាពីប្រទេសមួយនេះដែលតែងតែបង្ករអរិភាពឈ្លានពានប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំចំណាលើត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារវីរៈកងទ័ព និងជនភៀសសឹកឱ្យបានច្បាស់លាស់ដើម្បីមានលទ្ធភាពក្នុងការសំណេះសំណាលឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រស្បៀងគ្រឿងឧបភោគបរិភោគឱ្យកាន់តែមានភាពកក់ក្តៅថែមទៀត។
សូមបញ្ជាក់ថា ការចែកអំណោយពេលនេះមាន២១គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាននូវ÷ អង្គរ១បេ និងគ្រឿងឧបភោគបរិភោគមួយចំនួន និងមានចែកនំ ទឹកដោះគោដល់កុមារាកុមារីផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។














![]()
