មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ក្រោមឱវាទ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីទ្រទ្រង់កម្មវិធីឧបត្ថម្ភសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ និងដំណើរធម្មយាត្រា ទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា . នេប៉ាល់ ដែលពិធីបុណ្យនេះប្រារព្ធនៅវត្តពាមមេត្រី ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី និងគណៈកម្មាធិការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងបាននូវសមិទ្ធផលជាច្រើននៅក្នុងទីអារាមនៃវត្តពាមមេត្រីនេះ ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុល ពត អៀងសារី ខៀវសំផន ពួកវាបានបំផ្លាញដល់ឫសគល់លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ត្រូវបានចាប់ផ្សឹកព្រះសង្ឃ បំផ្លាញចោលវត្តអារាម ដោយយកទីវត្តអារាមជាកន្លែងធ្វើទារុណកម្មមនុស្ស និងចិញ្ចឹមសត្វ ។ ក្រោយឆ្នាំ ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបច្ចុប្បន្ននេះយើងមានវត្តអារាមជាង៥ពាន់វត្ត និងព្រះសង្ឃមានជាងប្រាំពីរម៉ឺនអង្គ ព្រមទាំងវិស័យផ្សេងៗទៀត បានរីកចម្រើនលូតលាស់គួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព ដែលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន និងលោកជំទាវ បានប្រគេនបច្ច័យជាផ្កាប្រាក់សាមគ្គី ចំនួន៣លានរៀល ចូលរួមក្នុងបុណ្យផ្កាប្រាក់សាមគ្គីនេះ ដើម្បីទ្រទ្រង់កម្មវិធីឧបត្ថម្ភសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ និងដំណើរធម្មយាត្រា ទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា នេប៉ាល់។
ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលតែងតែជួយជ្រោមជ្រែងក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្ត និងបានសូមជូនពរដល់នាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លាតទៀតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។