អភិបាលខេត្តកំពង់ធំ ជួបសំដែងការគួរសម ពិភាក្សា ជាមួយក្រុមប្រឹក្សាខេត្តឃ្យុងសាងប៊ុកដូ
(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជួបសំដែងការគួរសមជាមួយឯកឧត្ដម ផាក សុងមែន ប្រធានក្រុមប្រឹក្សាខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សានេះ ឯកឧត្តម នួន ផារ័ត្ន ស្នើរដល់ភាគីសាធារណៈកូរ៉េ ជួយអភិវឌ្ឍខេត្តកំពង់ធំបន្ថែមទៀត ទាំងវិស័យទេសចរណ៍ ក៏ដូចជាការវិនិយោគទុន ក្រុមហ៊ុនធុនតូច និងធម្យម និងសិក្សាដល់ការនាំចេញគ្រាប់ស្វាយចន្ទី ទៅក្រៅប្រទេសផងដែរ។ ឯកឧត្តម បន្តទៀតថា ថ្ងៃខាងមុខខេត្តកំពង់ធំនឹងមានសួនឧស្សាហ៍កម្ម ដើម្បីជួយសម្រួលដល់ វិនិយោគគិ ដោយខេត្តកំពង់ធំ មានផ្ទៃដីធំ លំដាប់ទី២ នៃព្រះរាជាណាចក្រកម្ពុជា ងាយស្រួលពង្រឹងពង្រីក វិនិយោគវិនិយោគទុន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈ ឯកឧត្តម ផាក សុងមែន ដែលជាឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនឹងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោង ចលនាភូមិថ្មី និងការវិនិយោគទុន អោយកាន់តែល្អ និងសង្ឃឹមថា មានកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍ កាន់តែសុីជ្រៅបន្ថែមទៀតនៅខាងមុខ។
អត្ថបទ រិទ្ធី, រូបភាព ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។