កិច្ចប្រជុំប្រចាំត្រីមាសទីបី ឆ្នាំ២០២៤ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត និងវេទិកាអភិបាលកិច្ចធនធានព្រៃឈើខេត្តកំពង់ធំ
(កំពង់ធំ)៖ កិច្ចប្រជុំប្រចាំត្រីមាសទីបី ឆ្នាំ២០២៤ នៃគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន បុត្តអភិបាលរង នៃគណអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នាយករងរដ្ឋបាលខេត្តកំពង់ធំ លោកនាយកខណ្ឌរដ្ឋបាលព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ។
លោក សោមសុភ័ក្រ នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានបង្ហាញពីគោលបំណង និងកម្មវិធីប្រជុំការងារបណ្តាញសហគមន៍ព្រៃឈើ៖ មានតំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ឃុំ, ស្រុក និង គណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឈើខេត្ត និងមានកិច្ចប្រជុំពិគ្រោះយោបល់បណ្តាញសហគមន៍ព្រៃឈើថ្នាក់ខេត្ត ប្រចាំត្រីមាសជាទៀងទាត់។ បច្ចុប្បន្នអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បាននិងកំពុងអនុវត្តគម្រោង “ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច” ដោយមានការគាំទ្រថវិកាពី Swiss Agency for Development and Cooperation (SDC) និង Irish Aid(IA) តាមរយៈអង្គការ DanChurchAid Cambodia(DCA)។
ដោយសហការជាមួយអង្គការ រីខូស និងអង្គការ ស៊ីដាប់បិលយូអេស បានធ្វើអោយមានកិច្ចប្រជុំប្រចាំត្រីមាសនេះឡើង ដើម្បីបង្ហាញពីគោលបំណង៖ ១.បច្ចុប្បន្នភាពគម្រោងគាំទ្រសហគមន៍ព្រៃឈើ នៅក្នុងខេត្តកំពង់ធំ, ២.ពិនិត្យលើរបាយការណ៍ សំណូមពរពីបណ្តាញសហគមន៍ព្រៃឈើ និងពិភាក្សាដោះស្រាយចំពោះបញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ និងកំណត់នូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បណ្តាញ, ៣.បង្កើនទំនាក់ទំនង និងអភិបាលកិច្ចល្អរវាងសហគមន៍ព្រៃឈើ ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន។ ដោយមានការផ្តល់ព័ត៌មាន និងមានសកម្មភាពជួយអន្តរាគមន៍ទប់ស្កាត់បទល្មើស កើតមានក្នុងព្រៃសហគមន៍ ដោយមន្រ្ដីរដ្ឋបាលព្រៃឈើសាមីដើម្បីចាត់ការបន្ត ។
លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរាយការណ៍ នូវសកម្មភាពគណៈកម្មការគ្រប់គ្រងសហគមន៍ភាគច្រើន បានចុះល្បាតព្រៃសហគមន៍របស់ខ្លួន ដោយមានថវិកាគាំទ្រពី គម្រោង រ៉េដបូក ដូចជា៖ ការគាំទ្រថវិកា សម្ភារៈពីខណ្ឌរដ្ឋបាលព្រៃឈើ ថវិកាឥណទានសហគមន៍ និងមូលនិធិអាណត្តិព្យាបាលភាពសហគមន៍ព្រៃឈើរបស់ខ្លួន។
ថ្លែងក្នុង កិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន បុត្តអភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសសហគមន៍ព្រៃឈើត្រូវបានចាត់ជាការងារអទិភាពរបស់រាជ រដ្ឋាភិបាល។ សហគមន៍ព្រៃឈើមានសក្តានុពលក្នុងការការពារព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវផលិតភាពព្រៃឈើ ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារទីជម្រាល និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនេះ ឯកឧត្តម បានថ្លែង អំណរគុណ ដល់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាម្ចាស់ផ្ទះក្នុងការ រៀបចំកិច្ចប្រជុំ ឲ្យមានដំណើរការទៅ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) អង្គការរីខូហ្វ (RECOFTC) ដែលផ្តល់ការ គាំទ្រផ្នែកថវិកា និងបានជួយសម្របសម្រួល រៀបចំឲ្យមានកិច្ចប្រជុំគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤ នៅខេត្តកំពង់ធំយើងនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពគម្រោងគាំទ្រសហគមន៍ព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងពិនិត្យរបាយការណ៍សំណូមពរ រួមទាំងកិច្ចពិភាក្សាដោះស្រាយចំពោះបញ្ហាដែលលើកឡើង, កំណត់នូវវិធានការនានា និងបង្កើនទំនាក់ទំនង អភិបាលកិច្ចល្អរវាងបណ្តាញសហគមន៍ព្រៃឈើ, ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន។
អត្ថបទដោយ-ចន្ថា បុណ្យឫទ្ធិ រូបថត-ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។