រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យមើលស្ពានឈើ១កន្លែងដែលរងគ្រោះដោយទឹកជំនន់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ នៅឃុំសាគ្រាម
(ខេត្តកំពង់ធំ)÷ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារថ្នាក់/ឃុំ បានចុះពិនិត្យស្ពានឈើមួយកន្លែងដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាស ចុះពិនិត្យស្ពាននេះឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះទឹកជំនន់កំពុងជន់លិចស្ពាននេះ បានធ្វើឱ្យបងប្អូនមានការលំបាកក្នុងការធ្វើដំណើរ ពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ព្រោះស្ពានឈើនេះចាំបាច់ណាស់សម្រាប់ប្រជាជនក្នុងសហគមន៍ធ្វើដំណើរនិងដឹកកសិផលផ្សេងៗ ដើម្បីសំដៅទៅទីផ្សារ។ សម្រាប់ពេលនេះមានតែទូកស្មាច់មួយសម្រាប់ចម្លងទាំងម៉ូតូទាំងមនុស្ស ធ្វើឱ្យការធ្វើដំណើរមានការយឺតយ៉ាវហើយពុំសូវមានសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា ស្ពានឈើត្រពាំងព្រីងនេះ មានប្រវែង ១៣០ម៉ែត្រសាងសង់ក្នុងឆ្នាំ២០១២ ដោយឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានរដ្ឋសភាទី១ នៃព្រះរាជាណាចក្រកម្ពុជាស្ថានភាពស្ពានឈើសព្វថ្ងៃមានការទ្រុឌទ្រោម និងមានការលំបាក។ ប្រជាពលរដ្ឋដែលឆ្លងកាត់ស្ពានឈើនេះមានចំនួន៥ភូមិ÷ មានភូមិត្រពាំងព្រីង ភូមិវាលចាស់ ភូមិស្រែវាល ភូមិព្រិច និងភូមិគន្ទាកផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយ អ៊ុមញឹប។