អភិបាលស្រុកស្ទោង លើកទឹកចិត្តកងកម្លាំងនៅទីបញ្ជាការស្រាលត្រូវការពារធនធានធម្មជាតិតំបន់៣ឱ្យខានតែបាន
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តកងកម្លាំងនៅទីបញ្ជាការស្រាលត្រូវការពារធនធានធម្មជាតិតំបន់ ៣ឱ្យខានតែបាន លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកដឹកនាំប្រជុំត្រួតពិនិត្យការងារទីបញ្ជាការស្រាលនៅសាលាស្រុកស្ទោងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនិងអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារធនធានធម្មជាតិព្រៃលិចទឹកព្រៃរនាមនៅតំបន់ដីក៏ដូចជាមច្ឆជាតិដែលកំពុងតែគំរាមកំហែងនិងបាត់បង់ ក៏ដូចជាថយទិន្នផលពីសំណាក់ជនខិលខូចនិងជនល្មើសផ្សេងៗដែលតែងតែរៀនទន្ទ្រានប្រព្រឹត្តបទល្មើសនេសាទកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាពបានគង់វង្សសម្បូរឡើងវិញ ក្រុមការងារត្រូវតែរួបរួមសហការគ្នាឱ្យអស់ពីចិត្តពីថ្លើមនិងសាមគ្គីភាព និងលះបង់ខ្ពស់បុំផុត។
លោកបន្ថែមថាគ្រប់ក្រុមការងារគោលដៅទាំងអស់ត្រូវតែចុះអនុវត្តល្បាតបានសកម្ម ផ្ទាល់ដល់ទីតាំងហើយត្រូវធ្វើរបាយការណ៍និងបច្ចុប្បន្នភាពឱ្យបានជាប់ជាប្រចាំដល់ក្រុមការងារដើម្បីបានជារបាយការណ៍និងបូកសរុបប្រចាំថ្ងៃ សំដៅធានាបាននូវប្រសិទ្ធភាពការងារក៏ដូចជាការពារបានយ៉ាងម៉ត់ចត់បំផុតពីសំណាក់ជនខិលខូចឬឱកាសនិយម។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់ក្រុមការងារទីបញ្ជាការស្រាលគ្រប់គោលដៅដែលបានអនុវត្តកិច្ចការល្បាតការពារកន្លងមកយ៉ាងមានប្រសិទ្ធភាព ដែលនៅក្នុងស្រុកស្ទោងទាំងមូលពុំមានជនល្មើសឬក៏ស្ថានភាពរុករៀនទន្ទ្រានថ្មីៗ គួរឱ្យកត់សម្គាល់ឡើយ។
ជាចុងបញ្ចប់ លោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសមន្ត្រីរាជការ សូមចូលរួមថែរក្សាការពារធនធានធម្មជាតិមច្ឆាជាតិ ព្រៃរនាម នៅក្នុងតំបន់បី ដែលជាជម្រកត្រីពងនិងជាតំបន់ជីវៈចម្រុះ ហើយត្រូវចៀសវាងនូវការប្រព្រឹត្តបទល្មើសជាដាច់ខាតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថា ដើម្បីការពារធនធានធម្មជាតិនេះ ស្រុកស្ទោង បានបង្កើតទីបញ្ជាការស្រាលចំនួន ៥ទីតាំង ហើយនៅក្នុងឱកាសនេះលោកអភិបាលស្រុកបានឧបត្ថម្ភដល់ក្រុមការងារនូវគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងប្រេងសាំងក្នុងមួយ គោលដៅចំនួន៣០លីត្រផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង ពិនិត្យដោយលោក ធូ កែវមុន្នី
















![]()
