លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាជំរុញឲ្យមាតាបិតាបញ្ជូនកូនទៅរៀនឲ្យបានចាប់កម្រិតថ្នាក់សិក្សា
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាជំរុញឲ្យមាតាបិតាបញ្ជូនកូនទៅរៀនឲ្យបានចាប់កម្រិតថ្នាក់សិក្សា។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីប្រគល់ទោងសម្រាប់សិស្សថ្នាក់មតេ្តយ្យសិក្សានៅបរិវេណបឋមសិក្សា-អនុវិទ្យាល័យព្រៃគុយ
ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី ២៧ខែ ធ្នូ ឆ្នាំ ២០២៤ ។
លោកជំទាវបានផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំជូនចំពោះបងប្អូន ពិសេសចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកជំទាវបញ្ជាក់ថាការផ្តល់សម្ភារនេះគឺជាការចូលរួមចំណែកជាមួយសហគមន៍និងសាលារៀនក្នុងការអភិវឌ្ឍន៍ដើម្បីទាក់ទាញឲ្យសិក្សានុសិស្សបានមកសិក្សារៀនសូត្រ ហើយវាជាផ្នែកមួយជួយកាត់បន្ថយអត្រាបោះបង់ការសិក្សានិងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសលើគ្រប់វិស័យដោយផ្តោតសំខាន់លើការបណ្ដុះធនធានមនុស្ស ដែលជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះដែរលោកជំទាវបានអំពាវនាវដល់មាតាបិតាទាំងអស់ឲ្យអប់រំដល់កូនៗឲ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ ពិសេសលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលរបស់សិស្ស ត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌មួយចំនួនផងដែរ។
ជាមួយគ្នានេះដែរលោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយគាំទ្រជាថវិកា សម្ភារៈ ដើម្បីកូនៗនិងសាលារៀនមានការរីកចម្រើន ពិសេសកូនៗបានលេងសប្បាយនៅពេលចេញលេងឬសម្រាកពីការសិក្សា។
លោក ជឿន ខុន ជំនួសមុខឱ្យគណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សូមថ្លែងអំណរគុណដល់លោកជំទាវ ឃុន ឃុនឌី និងសប្បុរសជន ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត និងថវិកា ក្នុងការអភិវឌ្ឍសាលារៀនបន្ថែមដើម្បីឱ្យជាទីមេត្រីសម្រាប់កុមារ នៅសាលាមត្តេយ្យសិក្សាព្រៃគុយនេះ សូមឱ្យលោកស្រីព្រមទាំងសប្បុរសជនចូលរួមជួយកសាងបន្ថែមទៀតនិងសូមឱ្យជួបតែសេចក្តីសុខនិងមានសុខភាពល្អ។