ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្តដល់អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីនៅក្រុងស្ទឹងសែន
(កំពង់ធំ)÷ ដោយមានការលំបាកខ្វះខាត ក្នុងការដោះស្រាយជីវភាពហូបចុកប្រចាំថ្ងៃ ព្រមទាំងមានជំងឺប្រចាំកាយ ហើយខ្លួនក៏ពិការដោយសារសង្គ្រាម ផងនោះ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ អតីតយុទ្ធជនពិការដោយសារសង្គ្រាមចំនួន ៣ រូប និងគ្រួសារអតីតយុទ្ធជនពលីចំនួនមួយគ្រួសារ បានស្នើសុំគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដើម្បីសម្រាលបន្ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ដោយឃើញពីការលំបាកនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការផ្នែកសឹករងស្ទឹងសែននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេជានិច្ចជាកាលនឹកឃើញ និងដឹងគុណជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ និងបានសំណូមពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដេីម្បីចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ក្នុងការបន្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិយើង ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនគាត់នូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។ អត្ថបទសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។