លោកជំទាវ ជា សិរី បានលើកឡើងថា អគារថ្មីនឹងជួយឱ្យការផ្តល់សេវាព្យាបាលជូនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោងកាន់តែប្រសើរឡើង
(ខេត្តកំពង់ធំ )÷ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកជំទាវនិងសហការីអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់អាគារថ្មីនៅមន្ទីរពេទ្យបង្អែកស្ទោងនារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ លោកជំទាវបានណែនាំដល់ ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកនេះដែលបានផ្ដល់សេវាយ៉ាងល្អប្រសើរជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកជំងឺដែលបានមកទទួលនូវសេវានេះបានល្អប្រសើរកន្លងមកនិងបន្តវប្បធម៌ព្រមទាំងកិច្ចការនេះឲ្យបានជានិរន្តរ៍។
ជាមួយគ្នានេះលោកជំទាវ បានជំរុញដល់លោកប្រធានមន្ទីរពេទ្យត្រូវធ្វើផែនការលំអិតអំពីតម្រូវការនិងបរិក្ខារផ្សេងៗដែលត្រូវបំពាក់នៅក្នុងអគារថ្មីនេះដើម្បីបំពេញតម្រូវការនិងលើកកម្ពស់វិស័យសុខាភិបាលទាំងមូលជាពិសេសការព្យាបាលជំងឺជូនពុកម៉ែបងប្អូនឱ្យកាន់តែប្រសើរនិងឆាប់ជាសះស្បើយ។
លើសពីនេះ លោកជំទាវ បានលើកទឹកចិត្តបន្ថែមត្រូវធ្វើប្លង់មេក្នុងការកែលម្អនិងធ្វើសួនច្បារ ហើយដាំដើមឈើឱ្យបានស្រស់បំព្រងនិងខៀវស្រងាត់គួរជាទីទាក់ទាញនិងជាការចូលរួមលើកកម្ពស់បរិស្ថាននិងកាត់បន្ថយកម្ដៅបរិយាកាសសាកលផងដែរហើយលោកជំទាវបានសន្យានឹងធ្វើរបងថ្មព័ទ្ធជុំជុំវិញប្រវែងជាង២០០ម៉ែត្រ។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងក្រុមគ្រូពេទ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនិងជំទាវ ជា សិរី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពអ្នកជម្ងឺនិងតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។
សូមបញ្ជាក់ថា អគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានទទឹង១៨ម៉ែត្របណ្តោយ៤៥ម៉ែត្រចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខាពេទ្យផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជានិងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ខៀវ ស៊ីណាផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។