រកឃើញក្រុមខ្លាំង ទទួលបានជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីប្រកួត ជជែកដេញដោលយុវជនថ្នាក់ខេត្តកំពង់ធំ ឆ្នាំ២០២៤
(កំពង់ធំ)៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ២០២៤ សូមណែនាំសមាសភាពបេក្ខជនទាំងពីរវិទ្យាល័យដែលនឹងត្រូវប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ១ ដែលនឹងត្រូវក្លាយជាម្ចាស់ពានរង្វាន់។ ក្រុមជើងខ្លាំងទាំង២ នឹងធ្វើការបកស្រាយ វែកញែក ពន្យល់ លើកហេតុផល ដើម្បីដោះស្រាយចម្ងល់របស់ទស្សនិកជន ក៏ដូចជាយុវជនកម្ពុជា លើប្រធានបទ៖ “ការងារក្រុមប្រឹក្សាកុមារកម្ពុជា និងយុវជនកម្ពុជាដំណើរការល្អ ជំរុញឱ្យ សម្រេចបានស្ដង់ដាសាលាគំរូ”
ក្រុមស្រប៖ វិទ្យាល័យទ្រៀល និងក្រុមបដិសេធ៖ វិទ្យាល័យទួលក្បិល
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្តកំពង់ធំ ២០២៤ ធ្វើឡើងនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការ-ស្ថាប័នឯកជន លោកគ្រូ អ្នកគ្រូ ព្រមទាំង យុវជន សិស្សនុសិស្សចូលរួមជាច្រើនផងដែរ។
លោកជំទាវ ស្រូយ សុជាតិ មានប្រសាសន៍ថា កម្មវិធីទាំងនេះសុទ្ធសឹងជាកម្មវិធីឆ្លើយតបទៅនឹងតម្រូវការយុវជន និងមានភាពជឿនលឿនស្របតាមការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងឈានសម្រេចបានគោលនយោបាយ “យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចសម្រាប់ជីវិត”។ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ដែលមានការិយាល័យយុវជន ជាសេនាធិការបានខិតខំប្រឹងប្រែងបំពេញការងារបានលទ្ធផលគួរឱ្យកត់សម្គាល់ ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនខេត្តកំពង់ធំ។
លោកជំទាវ បន្ថែមទៀតថា ក្រសួងបានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ រួមជាមួយនឹងយន្តការគាំទ្រ និងអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធានាបានការអនុវត្តមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ន ក្រសួងអប់រំ កំពុងជំរុញការអនុវត្ត សាលារៀនគំរូតាមគ្រប់រូបភាព ដោយប្រើប្រាស់យន្តការ និងធនធានសរុបទាំងថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍ ក្នុងនោះក្រសួងបាន ប្រជុំជាមួយអង្គភាពនៅរដ្ឋបាលកណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដើម្បីពិនិត្យ ស្ថានភាពឥណទានថវិកាឆ្នាំ២០២៤ ក្នុងគោលបំណងគៀរគរឥណទានថវិកាពីសកម្មភាពផ្សេងៗ ទៅផ្តោតលើការអនុវត្តសាលារៀនគំរូ។
ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារ អធិការកិច្ច ដែលជាកិច្ចការដ៏សំខាន់មួយក្នុងការគាំទ្រសាលារៀនគំរូ ដោយក្រសួងបានបន្ស៊ី ឧបករណ៍អធិការកិច្ចជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីភ្ជាប់បានស្ថានភាពរបស់សាលារៀន នីមួយៗ និងឈានទៅរៀបចំសកម្មភាពជាក់លាក់សម្រាប់ចុះជួយគាំទ្រ។ គោលការណ៍ណែនាំ ស្តង់ដាសាលារៀនគំរូ មាន០៥ស្តង់ដា រួមមាន៖
> ស្តង់ដាទី១៖ លទ្ធផលការសិក្សារបស់សិស្ស
> ស្តង់ដាទី២៖ ការបង្រៀននិងរៀន
> ស្តង់ដាទី៣៖ ការចូលរួមរបស់សហគមន៍
– ស្តង់ដាទី៤៖ ដំណើរការប្រតិបត្តិការ និងរដ្ឋបាលសាលារៀន
> ស្តង់ដាទី៥៖ គណនេយ្យភាព
ឯកឧត្ដម ជា វ៉ាន់ចាន់ មានប្រសាសន៏ថា កម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ គឺជាថ្នាល់បណ្តុះបណ្តាលយ៉ាងពិតប្រាកដ និងបានផ្តល់ឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែរីកចម្រើនឡើង ខិតខំធ្វើឱ្យខ្លួនមានសេចក្ដីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង ឱ្យក្លាយជាពលរដ្ឋសកម្មក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ដាក់នូវទិសដៅ ០៤សំខាន់ៗ ជាធាតុចូលបន្ថែម៖
ទី១. រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ត្រូវជំរុញនិងរៀបចំរចនាសម្ព័ន្ធ និងដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជានៅតាមវិទ្យាល័យ ក៏ជាក្រុមប្រឹក្សាកុមារកម្ពុជានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យឱ្យមានប្រសិទ្ធភាព។ ព្រោះប្រព័ន្ធនេះពិតជាបានជួយដល់ការអប់រំ និងការអភិវឌ្ឍសាលារៀនយ៉ាងពិតប្រាកដ និងមានគុណវុឌ្ឍិ។
ទី២. មន្ទីរអប់រំត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុក ក្នុងការរៀបំការបណ្ដុះបណ្ដាលចំណេះដឹងលើការរៀបចំដំណើរការក្រុមប្រឹក្សាយុវជននិងកុមារនេះ ឱ្យបានទូលំទូលាយ ទាំងគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សផងដែរ ដែលធ្វើយ៉ាងណាឱ្យមាននិរន្តរភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទី៣. សូមប្អូនៗក្មួយៗ បន្តខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ ហើយត្រូវបន្តចែករំលែកនូវចំណេះដឹងជំនាញ ដល់មិត្តភក្ដិដទៃទៀត សម្រាប់ជាការចែករំលែកសមត្ថភាពជំនាញទន់ និងជំនាញវិជ្ជាជីវៈនានា ដែលគាំទ្រដល់សង្គម-សេដ្ឋកិច្ច សន្តិភាពនិងការអភិវឌ្ឍ។
ទី៤. សូមថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ជាពិសេស តំណាងរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការបង្កើតរចនាសម្ព័ន្ធ៖ ចលនាកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាជាដើម នៅតាមសាលារៀន ប្រកបប្រសិទ្ធភាព និងគុណវុឌ្ឍិ។
ជាលទ្ធផលដែលសម្រេចបាន ជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រគឺ៖
ជ័យលាភីលេខ១ បានទៅលើ ក្រុមយុវជន វិទ្យាល័យទ្រៀល, ជ័យលាភីលេខ២ បានទៅលើ ក្រុមយុវជន វិទ្យាល័យទួលក្បិល និងជ័យលាភីលេខ៣ ដែលជាជ័យលាភីស្ទួន បានទៅលើ ក្រុមយុវជន ជាស៊ីមប្រឡាយ និងក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ធំ។
អត្ថបទៈ រិទ្ធី, រូបភាពៈ បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។