អភិបាលស្រុកស្ទោង អំពាវនាវដល់មន្ត្រីរាជការក្រោមឱវាទ និងបុគ្គលស្វ័យនិយោជន៍ឲ្យសិក្សាស្វែងយល់ពី ប.ស.ស ឱ្យបានច្បាស់លាស់ដើម្បីគុណប្រយោជន៍គ្រួសារនិងសុខភាព
(ខេត្តកំពង់ធំ)÷ លោក សាយ គឹមឡម បានថ្លែងអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកព្រមទាំងលោក លី សុខា ប្រធានសាខា ប ស ស ខេត្តកំពង់ធំ អញ្ជើញផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់ប័ណ្ណ ប ស ស ជូនមន្ត្រីរាជការ និងលោក លោកស្រី មន្ត្រីអាណត្តិ នៅស្រុកស្ទោង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤។
លោកបានបញ្ជាក់បន្ថែមថា ការផ្ដល់ប័ណ្ណ ប.ស.ស ជូនមន្ត្រីរាជការ កម្មករនិយោជិតនិងបុគ្គលស្វ័យនិយោជន៍ និង មន្ត្រីអាណត្តិ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់ និងឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះដែលលោកតែងតែគិតគូយកចិត្តទុកដាក់និងគាំពារដល់សុខទុក្ខសុខុមាលភាពនិងជីវភាពប្រជាពលគ្រប់ស្រទាប់វណ្ណៈ។
ជាមួយនេះផងដែរលោក លី សុខា បានពន្យល់បន្ថែមអំពីគុណប្រយោជន៍របស់ប័ណ្ណប.ស .ស សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដើម្បីយកទៅប្រើប្រាស់ចំគោលដៅនិង និងចៀសវាងនូវការចាញ់បោកពីក្រុមឆ្លៀតឱកាស ជ្រុលនិយមផងដែរ ហើយលោកបានលើកទឹកចិត្តដល់បុគ្គលស្វ័យនិយោជន៍គួរប្រើប្រាស់ ប ស ស ឲ្យបានគ្រប់គ្នាដើម្បីជាគុណប្រយោន៍គឺត្រូវបង់ប្រាក់ប្រចាំខែ ១៥,៦០០រៀល ហើយលោកបានផ្ដល់នូវលេខទូរស័ព្ទពិសេសសម្រាប់ទំនាក់ទំនងក្នុងករណីបន្ទាន់ឬចាំបាច់ និងចម្ងល់នានា។
លោក សាយ គឹមឡម បានអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធនិងរដ្ឋបាលឃុំ ត្រូវធ្វើការផ្សព្វផ្សាយអំពី អត្ថប្រយោជន៍ ប ស ស ជូនប្រជាពលរដ្ឋទូទៅឲ្យបានទូលំទូលាយនិងចូលរួមប្រើប្រាស់សេវានេះទាំងអស់គ្នាដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។