ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកស្រី អ៉ឹម សុខវីន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក តំណាងលោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក និងក្រុមការងារបាននាំយកសម្ភារ និងថវិកាជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុងនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកស្រី អ៉ឹម សុខវីន បានលើកឡើងថាកាលពីរសៀលថ្ងៃទី២១.៤.២០២៥នៅវេលាម៉ោង១:៣០នាទីរសៀល មានករណីភ្លើងឆេះផ្ទះ១ខ្នងទាំងស្រុងដែលមានទំហំ០៤ម៉ែត្រ×០៦ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សិត សាលីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអណ្តូងពោធិ៍ ក្នុងនោះខូចខាតសម្ភារៈមួយចំនួនរួមមាន (ឆេះគ្រែ៣ សំបុត្រកំណើត អត្តសញ្ញាណបណ្ណនឹងទូរស័ព្ទ១គ្រឿង) ហេតុដោយសារផ្ទុះហ្គាសនៅក្នុងផ្ទះបាយ។
លោកស្រីអនុប្រធានអនុសាខា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកបទក្រហមកម្ពុជាខេត្តកំពង់ធំ បានគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង និងលើកទឹកចិត្តបន្ថែម ដើម្បីឱ្យក្រុមគ្រួសារភាពរឹងមាំឡើងវិញ។
ជាមួយគ្នានេះផងដែរ លោកស្រី អ៉ឹម សុខវីន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកតាំងគោក បានលើកឡើងថា ការបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំស្រុក បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងរួមមាន ÷អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០១យួរ តង់១ ឃីត១កញ្ចប់ធំ និងថវិកា២៥០.០០០រៀល។ ក្នុងនោះថវិកាអនុសាខា១០០.០០០រៀល និងថវិកាឃុំ១៥០.០០០រៀលផងដែរ។អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឹប។