ប្រជាពលរដ្ឋមកលេងកម្សាន្តសង្ក្រាន្តកំពង់ធំនៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណ៧៥.០០០នាក់
(កំពង់ធំ)÷ ទិដ្ឋភាពមហាជនច្រើនកុះករ ចូលរួមសប្បាយរីករាយក្នុងសង្ក្រានកំពង់ធំ នារសៀលថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៥ ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សង្ក្រានកំពង់ធំដែលរៀបចំធ្វើឡើងនៅសួនមាត់ស្ទឹងសែនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តការណ៍«សង្ក្រាន្តកំពង់ធំ» នៅក្នុងបរិវេណសួនស្ទឹងសែនមាន៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៥ នឹងបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមាន៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងចាប៉ីដងវែង ឆ្លងឆ្លើយ(ប្រវត្តិនៃកំណើតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍ពីភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានសរុបប្រមាណ២០០.៤០៧នាក់ ភ្ញៀវជាតិចំនួន២០០.២៤៣នាក់
ភ្ញៀវបរទេសចំនួន១៦៤នាក់ ដែលក្នុងនោះរួមមាន÷ ភ្ញៀវទេសចរណ៍ទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ៤.៨៤៣នាក់។ ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្តនៅក្រុងស្ទឹងសែនមានប្រមាណ៧៥.០០០នាក់។ ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារ៉ាមចំនួន២៩៧
(មហានិកាយ២៩៣ ធម្មយុត្តិ០៤) មានប្រមាណ១២០.៥៦៤នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊យមញឹប។