មន្ទីរកិច្ចការនារី ខេត្តកំពង់ធំ បើកវគ្គអប់រំផ្សព្វផ្សាយ ស្ដីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី
(ខេត្តកំពង់ធំ)÷ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារី ខេត្តកំពង់ធំ សហការជាមួយគម្រោងគុយសា (QSA) បានរៀបចំបេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ការំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រី ក្រោមវត្តមានលោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ធំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមផងដែរ ពីមន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ មន្រ្តីការិយាល័យស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ដោយពេលព្រឹកប្រារព្ធនៅក្នុងឃុំនីពេជ មានចំនួន ១០៦ នាក់ ស្រី ៧៤ នាក់ និងពេលរសៀលនៅឃុំដំរីស្លាប់ អ្នកចូលរួមសរុប ១០១ នាក់ ស្រី ៨៦ នាក់ ។
បន្ទាប់ពីលោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ ឡើងមានមតិស្វាគមន៍រួចមក លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើការសំណេះសំណាល ថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ និងបន្តសំណេះសំណាល ប្រកបដោយខ្លឹមសារសំខាន់ៗ ដែលមានសារសំខាន់ ដេីម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារ និងសហគមន៍អំពីការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី បញ្រ្ជាបការទប់ស្កាត់គ្រឿងញៀនទៅលើស្រ្តី និងកុមារ ដែលវាជាចំណុចរសើប និងនាំឱ្យមានការរាំងស្ទះចំពោះការអភិវឌ្ឍ សេដ្ឋកិច្ច និងពង្រឹងសមត្ថភាព ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារ ក៏ដូចជាកិច្ចអភិវឌ្ឍជាតិ ឱ្យមានស្ថិរភាព សន្តិសុខកាន់តែប្រសើឡើង ។
លោកស្រីអភិបាលរងស្រុកបានលើកទឹកចិត្ត ដល់ស្រ្តីគ្រប់រូប ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ព្រមទាំងតាមដានសុខភាពជាប្រចាំ ដូចជា ជំងឺមហារីកស្បូន និងជំងឺផេ្សងៗ ទៀតពាក់ព័ន្ធនឹងរោគស្រ្តី និងសុំឱ្យមាតាបិតា អាណាព្យាបាលថែទាំ គ្រប់គ្រងកូនស្រីឱ្យបានល្អ ដើម្បីសុត្ថិភាពរបស់កូន កុំឱ្យមានបញ្ហាអ្វីកើតឡើង ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រី ឱ្យទទួលបាននូវឱកាសស្មេីគ្នា និងជួយជនរងគ្រោះដោយសារការរំលោភបំពាននានា ក្នុងនោះបានផ្ដល់មេធាវីសម្រាប់ជនរងគ្រោះក្រីក្រ ដោយមិនគិតថវិកាឡើយ ៕
*អត្ថបទ: មន្ទីរកិច្ចការនារីខេត្តកំពង់ធំ
*ពិនិត្យនិងកែសម្រួល: លោកស្រី កែវ បូរី