ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥
(កំពង់ធំ) ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅអស់រយ:ពេលពេញមួយថ្ងៃ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាច្រើនរូប ។
លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឡើងធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធិផលទាំងអស់ ដែលបានអនុវត្ត និងទទួលបានលទ្ធផលក្នុងឆ្នាំ ២០២៤ ដោយលោកក៏បានធ្វើបទបង្ហាញពីការងារក្សេត្រសាស្ត្រ កសិ-ឧស្សាហកម្ម កៅស៊ូ ការងារផលិតកម្មនិងបសុព្យាបាល ការងារនីតិកម្ម-កសិកម្ម លទ្ធផលការងាររបស់មន្ត្រីកសិកម្មឃុំ/សង្កាត់ បទបង្ហាញការងារខណ្ឌរដ្ឋបាលជលផល ការងារខណ្ឌរដ្ឋបាលព្រៃឈើ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមទាំងបញ្ហាប្រឈមនាពេលកន្លងទៅ ព្រមទាំងបានលើកឡើងពីទិសដៅការងារដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២៥ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចទៅតាមមុខជំនាញរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយសាមគ្គីភាព ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ និងបន្តពង្រឹងការងារដឹកនាំគ្រប់គ្រងរបស់អង្គភាព ឱ្យកាន់តែរីកចម្រើនថែមទៀត ។
បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ដោយកម្មវិធីគោលនយោបាយនេះ ត្រូវរំពឹងទុកថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជាបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយគុណភាព ។
ឯកឧត្តម ក៏បានអំពាវនាវបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៤ ពង្រឹងការគ្រប់គ្រងធនធានជលផល ដីធ្លី ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រាល់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ ដោយផ្សារភ្ជាប់ទៅនឹងការសិក្សាស្រាវជ្រាវ រិះរកមធ្យាបាយ និងវិធានការនានា ដើម្បីប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ។
ក្នុងឱកាសនោះ ដើម្បីជាការលេីកទឹកចិត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបំពាក់នូវគ្រឿងឥស្សរិយយសដល់មន្រ្តីរាជការ ដែលបម្រើការងារ មានស្នាដៃល្អចំនួន ៤៦ រូប ផងដែរ ៕
អត្ថបទ : លោក ធូ កែវមុន្នី
កែសម្រួល: លោកស្រី កែវ បូរី (ប្រធានការិយាល័យ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តកំពង់ធំ)