អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ដោយលោកគ្រូ អ្នកគ្រូ និងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ។
ប្រសាសន៍នេះត្រូវបានឯកឧត្តមថ្លែងនៅក្នុងពិធីសម្ពោធអគារបណ្ណាល័យ ឯកឧត្តមកិត្តិកោសលបណ្ឌិត ងួន ញ៉ិល និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា សមិទ្ធផលថ្មីដែលបានសម្ពោធនៅពេលនេះ នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាដើមទុនដ៏ចាំបាច់ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ។ ទន្ទឹមនឹងនេះ សូមគណៈគ្រប់គ្រងសាលា សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងពង្រឹងការអនុវត្តវិន័យផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់បំផុត ទប់ស្កាត់មិនឲ្យមានបញ្ហាក្មេងទំនើងក្នុងសាលារៀនឡើយ ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណ ឯកឧត្តមកិត្តិកោសលបណ្ឌិត ងួន ញ៉ិល និងលោកជំទាវ ឯកឧត្តម ឈន សារ៉ាណេ និងលោកជំទាវ និងសប្បុរសជន ដែលតែងតែឧបត្តម្ភគាំទ្រសាងសង់អគារបណ្ណាល័យនេះ ដើម្បីធានានូវការទទួលបានការអប់រំដែលមានគុណភាពខ្ពស់ ដែលអាចកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកាវិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ ។
ឯកឧត្តម នួន ផារ័ត្ន បន្តចុះពិនិត្យស្ថានភាពទីតាំងសាលាវិទ្យាល័យទ្រៀល ស្ថិតនៅស្រុកតាំងគោក ដែលអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម ព្រមទាំងខ្វះអាគារសិក្សា ព្រមទាំងមានបរិមាណសិស្សកើនឡើងជាលំដាប់។(អត្ថបទរដ្ឋបាលខេត្តកំពង់ធំ.)។